ឥណទានសម្បទានចំនួន២៣៨លានដុល្លារ ត្រូវបានជប៉ុនផ្តល់ជូនដល់កម្ពុជានៅក្នុងឆ្នាំ២០២០ សម្រាប់ឆ្លើយតបនឹងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩
យោងតាមសេចក្ដីប្រកាសព័ត៌មាន អំពីជំនួបពិភាក្សាការងាររវាង ឯ,ឧ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកស្រី កាម៉ី ហារុកូ (KAMEI Haruko) ប្រធាន តំណាងថ្មីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ចាយកា (JICA) ប្រចាំនៅកម្ពុជា ដែលបានចេញ ផ្សាយ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ពេញមួយឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុន បានផ្តល់ឥណទាន សម្បទាន មានទឹកប្រាក់ចំនួន ២៥ប៊ីលានយ៉េនជប៉ុន ត្រូវជាប្រមាណ ២៣៨ លានដុល្លារអាមេរិក ចូលរួមចំណែក ជាមួយដៃគូអភិវឌ្ឍន៍នានា ជួយគាំទ្រសកម្មភាព នៃការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ ឆ្លើយតបទៅនឹង ផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ លើបញ្ហាសុខភាព, សង្គម និងសេដ្ឋកិច្ចកម្ពុជា សំដៅរក្សាលំនឹង សេដ្ឋកិច្ច-សង្គម ក៏ដូចជា ជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។
ក្នុងជំនួបនោះ ឯ,ឧ អគ្គបណ្ឌិតសភាចារ្យ បានសម្តែងក្តីសោមនស្សរីករាយ អបអរសាទរចំពោះលោកស្រី កាម៉ី ហារុកូ ដែលបានមកបំពេញនូវបេសកកម្ម ជាប្រធានតំណាងថ្មីរបស់ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ នៃប្រទេស ជប៉ុន ចាយកា (JICA) ប្រចាំកម្ពុជា និងបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលតែងតែ ជួយគាំទ្រក្នុងការស្តារ និងការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមដល់កម្ពុជា។
ឯ,ឧ ឧបនាយករដ្ឋមន្ត្រី បន្តថា ប្រទេសជប៉ុន គឺជាដៃគូយុទ្ធសាស្រ្ត និងជាដៃគូសហប្រត្តិការទ្វេភាគីធំជាងគេ មួយ ដែលបានផ្តល់ហិរញ្ញប្បទានដល់ប្រទេសកម្ពុជា។ ការផ្តល់ហិរញ្ញប្បទាន របស់រដ្ឋាភិបាលជប៉ុន គឺចំគោលដៅ លើ គ្រប់វិស័យ រួមមាន៖ សុខាភិបាល, អប់រំ, កសិកម្ម, ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ, ស្ពាន, កំពង់ផែស្វយ័ត អន្តរជាតិ, ប្រព័ន្ធ ធារាសាស្រ្ត, បណ្តាញថាមពលអគ្គិសនី, និងការផ្គត់ផ្គង់ទឹកស្អាត ជាដើម -ល-។
លោកស្រី កាម៉ី ហារុ ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញភារកិច្ច នៅកម្ពុជា និង បានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផល ផ្លែផ្កាជាច្រើន ជាពិសេស ក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់ បង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺ កូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។ ក្នុងអាណិត្តបំពេញភារកិច្ចនៅកម្ពុជា, លោកស្រី សន្យានឹងបន្តខិតខំពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបន្តការគាំទ្រនូវការផ្តល់ហិរញ្ញប្បទាន បន្ថែមទៀត ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង, ឥណទានសម្បទាន និងជំនួយបច្ចេកទេសជាដើម។
ជាថ្មីម្តងទៀត ឯ,ឧ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋា ភិបាល និងប្រជាជនជប៉ុន ពិសេស ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន ប្រចាំកម្ពុជា ដែលបានដើរ តួនាទីយ៉ាងសកម្ម ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ឆ្លើយតបចំទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋា ភិបាលកម្ពុជា និងសង្ឃឹមថា JICA នឹងបន្តជួយពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច-សង្គម រវាង កម្ពុជា និងប្រទេសជប៉ុន ឲ្យកាន់តែទូលំទូលាយ និងស្អិតរមួតថែមទៀត ៕ ដោយលោក វ៉េង លីមហួត និងវណ្ណលុក