មេដឹកនាំអាមេរិក និងរុស្ស៊ីបើកកិច្ចសន្ទនាតាមទូរស័ព្ទជាលើកដំបូង ដោយផ្តោតសំខាន់លើបញ្ហានុយក្លេអ៊ែរ សិទ្ធិមនុស្ស និងអ៊ុយក្រែន
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកយកបញ្ហាចំនួនពីរមកពិភាក្សា អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាលើកដំបូងជាមួយសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដែលក្នុងនោះរួមមានការចាប់ខ្លួន និងដាក់សម្ពាធលើមេបក្សប្រឆាំងរុស្ស៊ី លោក ណាវ៉ាល់នី ការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ សន្តិសុខអ៊ីនធើណេត និងវិបត្តិនៅអ៊ុយក្រែន ។
ស្របពេលជាមួយគ្នានេះដែរ មេដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការបញ្ជូនក្រុមការងាររៀងៗខ្លួន ដើម្បីរៀបចំបន្តសុពលភាពសន្ធិសញ្ញានុយក្លេអ៊ែរ New START ដែលនឹងមានរយៈពេល០៥ឆ្នាំបន្ថែមទៀត គិតចាប់ពីឆ្នាំ២០២១នេះតទៅ ខណៈសន្ធិសញ្ញានេះនឹងត្រូវផុតសុពលភាពនៅក្នុងខែកុម្ភៈខាងមុខ ។
បើទោះបីជាបញ្ហារសើបមួយចំនួនត្រូវបានលើកឡើងមែន តែសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងបានអះអាងថា លោក ពូទីន លើកឡើងពីការសម្រួលទំនាក់ទំនង ដើម្បីសម្រេចបានផលប្រយោជន៍នៃប្រទេសទាំងពីរ និងថា អាមេរិក និងរុស្ស៊ីមានការទទួលខុសត្រូវពិសេស ក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ពិភពលោក ៕ ប្រភព៖ Reuters


