កូវីដ១៩៖ លោកស្រី ស៊ូជី គ្រោងនឹងចាក់វ៉ាក់សាំងស្អែក ខណៈមន្ត្រីសុខាភិបាលភូមាផ្តើមចាក់ហើយ
ក្រុមន្ត្រីសុខាភិបាលប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃពុធ ទី២៧ មករា ២០២១នេះបានក្លាយជាក្រុមមនុស្សដំបូងក្នុងប្រទេសដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពោលគឺក្រោយពេល៥ថ្ងៃដែលវ៉ាក់សាំងត្រូវបានបញ្ជូនមកដល់ ពីប្រទេសឥណ្ឌា នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA។
ផ្អែកតាមប្រភពក៏បញ្ជាក់ដែរថា លោកស្រី អ៊ួង សានស៊ូជី ទីប្រឹក្សារដ្ឋ វ័យ៧៥ឆ្នាំ ត្រូវបានរំពឹងថា នឹងចាក់វ៉ាក់សាំងនេះ នាថ្ងៃទី២៨ មករា ស្អែកនេះ។ លោកស្រីបានប្រកាសកាលពីសប្តាហ៍មុនថា បុគ្គលិកសុខាភិបាលជួរមុខជាអ្នកទទួលការចាក់វ៉ាក់សាំងមុនគេ ជាវ៉ាក់សាំងផលិតដោយសកលវិទ្យាល័យ Oxford និងក្រុមហ៊ុនវេជ្ជសាស្ត្រ AstraZeneca។
ឥណ្ឌាដែលមានអាជ្ញាបណ្ណផលិតវ៉ាក់សាំងប្រភេទនេះក្នុងប្រទេសខ្លួនដែរនោះ បានបរិច្ចាគវា ចំនួន១.៥លានដូស ដល់មីយ៉ាន់ម៉ា សម្រាប់មនុស្ស៧៥ម៉ឺននាក់៕