រដ្ឋបាលរបស់លោក ចូ បៃដិន ផ្អាកការលក់សព្វាវុធអោយទៅអេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីតជាបណ្តោះអាសន្ន (Video)
អាមេរិក៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានផ្អាកកញ្ចប់នៃការលក់យន្តហោះចម្បាំង F-35 ទៅអោយអេមីរ៉ាត់អារ៉ាប់រួម និងអាវុធទៅអោយអារ៉ាប៊ីសាអូឌីតជាបណ្តោះអាសន្ន ដើម្បីមានឱកាសពិនិត្យសើរើឡើងវិញនូវកញ្ចប់ទាំងនោះ ។ ការលក់ធំបំផុត គឺកញ្ចប់ទឹកប្រាក់ចំនួន២៣ពាន់លានដុល្លារនៃយន្ដហោះប្រភេទ F-35 ស៊េរីទំនើបដល់អេមីរ៉ាត់អារ៉ាប់រួម ។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក រដ្ឋបាលរបស់លោក បៃដិន កំពុងបញ្ឈប់ជាបណ្តោះអាសន្ន នូវការអនុវត្តការលក់គ្រឿងសព្វាវុធការពារជាតិមួយចំនួន ដើម្បីអនុញ្ញាតអោយអ្នកដឹកនាំទើបចូលកាន់តំណែងថ្មី មានឱកាសពិនិត្យសើរើឡើងវិញ ។ នេះគឺជាសកម្មភាពរដ្ឋបាលធម្មតា សម្រាប់អំឡុងពេលអន្តរកាលភាគច្រើន ហើយបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋបាល ចំពោះតម្លាភាព និងអភិបាលកិច្ចល្អ ។
សូមជម្រាបថា ចំណាត់ការខាងលើនេះ ក៏មានគោលបំណងផងដែរ ដើម្បីធានាការលក់អាវុធរបស់សហរដ្ឋអាមេរិក អោយស្របតាមគោលបំណងយុទ្ធសាស្ត្ររបស់អាមេរិក ក្នុងការកសាងដៃគូសន្តិសុខ ដែលរឹងមាំជាងមុន អាចធ្វើអន្តរប្រតិបត្តិការបាន និង មានសមត្ថភាពសន្តិសុខកាន់តែច្រើន ៕ ប្រភព៖ Reuters

