លោក ដូណាល់ ត្រាំ សន្យាជួយអោយគណបក្សសាធារណរដ្ឋគ្រប់គ្រងសភាតំណាងរាស្ត្រឡើងវិញ
អាមេរិក៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសន្យាថា រូបលោកនឹងព្យាយាមជួយអោយគណបក្សសាធារណរដ្ឋ គ្រប់គ្រងសភាតំណាងរាស្ត្រឡើងវិញ នៅក្នុងការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិនៅឆ្នាំ២០២២ ។
ការអះអាងបែបនេះបានកើតមានស្របពេលដែលលោក ត្រាំ ជួបពិភាក្សាការងារជាមួយប្រធានសភាសំឡេងភាគតិច នៃសភាតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ លោក ខេវិន ម៉ាខាធី នៅឯរម្មណីយដ្ឋាន ម៉ាអេឡាហ្គោ ក្នុងទីក្រុង ផាមប៊ិច រដ្ឋ ផ្ល័ររីដា ជាទីដែលលោក ត្រាំ កំពុងស្នាក់នៅ ចាប់តាំងពីលោកចាកចេញពីសេតវិមាន កាលពីថ្ងៃ២០ ខែមករាកន្លងទៅ ។ ជំនួបរវាងលោក ត្រាំ និងលោក ម៉ាខាធី ខាងលើនេះក៏ត្រូវបានធ្វើឡើងចំពេលដែលលោក ត្រាំ កំពុងប្រឈមមុខនឹងសវនាការមួយនៅក្នុងព្រឹទ្ធសភា នាខែកុម្ភៈខាងមុខនេះ ក្រោយសភាតំណាងរាស្ត្រគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ បោះឆ្នោតចោទប្រកាន់លោកជាផ្លូវការកាលពីថ្ងៃទី១៣ ខែមករា ពីបទញុះញង់ឱ្យក្រុមអ្នកគំាទ្ររូបលោកវាយប្រហារលើវិមានសភា ។
តែទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយមួយចំនួននៅតែយល់ឃើញថា អតីតប្រធានាធិបតីអាមេរិករូបនេះ នឹងរួចខ្លួនការពីការកាត់ទោសនៅក្នុងសវនាការព្រឹទ្ធសភាជាថ្មីម្ដងទៀត ដោយសារតែសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ ភាគច្រើននៅតែបន្តគាំទ្ររូបលោកដដែល ៕ ប្រភព៖ Reuters

