មន្ត្រីសុខាភិបាលដ៏សំខាន់អាម៉េរិកម្នាក់សម្តែងការព្រួយបារម្ភខ្ពស់ ខណៈសហរដ្ឋអាម៉េរិកចាប់ផ្ដើមបើកដំណើរការសកម្មភាពសេដ្ឋកិច្ចឡើងវិញ
សហរដ្ឋអាម៉េរិក៖ មន្ត្រីសុខាភិបាលដ៏សំខាន់មួយរូបរបស់សហរដ្ឋអាម៉េរិក ទទួលបន្ទុកជំងឺ COVID-19 អ្នកស្រីវេជ្ជបណ្ឌិត Deborah Birx បានសម្ដែងការព្រួយបារម្ភខ្លាំង នៅថ្ងៃអាទិត្យម្សិលមិញ ចំពោះពលរដ្ឋអាម៉េរិកដែលមិនបានប្រុងប្រយ័ត្នខ្ពស់ទៅលើវីរុសដ៏កាចសាហាវមួយនេះ ខណៈសហរដ្ឋអាម៉េរិកចាប់ផ្ដើមបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ នេះបើតាមសារព័ត៌មាន Fox News នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ។
អ្នកស្រីវេជ្ជបណ្ឌិត Deborah Birx ដែលជាអ្នកសម្របសម្រួលខាងការឆ្លើយតបរបស់សេតវិមានចំពោះ COVID-19 បានថ្លែងក្នុងកម្មវិធី «News Sunday» របស់ទូរទស្សន៍ Fox News ថា យើងត្រូវរក្សាគម្លាតពីគ្នាប្រសិនបើយើងនៅក្នុងហ្វូងមនុស្សច្រើន យើងអាចផ្ទុកវីរុសនេះដោយមិនដឹងខ្លួន ដោយសារយើងមិនមានចេញរោគសញ្ញា ហើយយើងអាចចម្លងវីរុសនេះ ទៅអ្នកដទៃទៀតដោយមិនដឹងខ្លួន។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ នៅទូទាំងសហរដ្ឋអាម៉េរិក មានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់១លាន៦៨ម៉ឺន៦ពាន់៤៣៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ម៉ឺន៩ពាន់៣០០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៥ម៉ឺន១ពាន់៧០២នាក់ ៕