ប្រមុខការទូតចិនថ្លែងថា ចិនត្រៀមខ្លួនជានិច្ចដើម្បីធ្វើការជាមួយសហរដ្ឋអាម៉េរិក ក្រោមស្មារតីសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក
ចិន៖ សហរដ្ឋអាម៉េរិកគួរតែឈប់ខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃទៀតទៅ ស្របពេលដែលចិនត្រៀមខ្លួនជានិច្ច ដើម្បីធ្វើការជាមួទីក្រុងវ៉ាស៊ីនតោន ក្រោមស្មារតីសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក នេះបើតាមការអះអាងរបស់រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី និងត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់ខ្លួន ប្រមុខការទូតចិនរូបនេះបានគូសបញ្ជាក់ថា ចិន-សហរដ្ឋអាម៉េរិកត្រូវតែចាប់ផ្តើមធ្វើការសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច សម្រាប់សេដ្ឋកិច្ចរៀងៗខ្លួនរបស់ប្រទេសទាំងពីរ ក៏ដូចជាសម្រាប់សេដ្ឋកិច្ចរបស់ពិភពលោកទាំងមូលផងដែរ ក្នុងនាមជាកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីរ ។
នាឱកាសនោះដែរ លោក វ៉ាង យី បានសង្កត់ធ្ងន់ថា ចិន-សហរដ្ឋអាម៉េរិកនឹងទទួលបានផលប្រយោជន៍ជាច្រើនពីការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ប៉ុន្តែបើនៅតែប្រឈមមុខគ្នាយកឈ្នះយកចាញ់ គឺនឹងទទួលបានតែការខាតបង់រៀងៗខ្លួនប៉ុណ្ណោះ ៕