លោក ដូណាល់ ត្រាំ ច្រានចោលសំណើអោយខ្លួនចូលរួមផ្តល់សក្ខីកម្មនៅក្នុងព្រឹទ្ធសភាអាមេរិកនាសប្តាហ៍ក្រោយនេះ
អាមេរិក៖ ក្រុមមេធាវីរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេធសំណើរបស់ក្រុមអ្នកប្រជាធិបតេយ្យ ដែលស្នើអោយអតីតប្រធានាធិបតីអាមេរិករូបនេះ ចូលរួមផ្តល់សក្ខីកម្មនៅក្នុងសវនាការជំនុំជម្រះ ទាក់ទិននឹងការចោទប្រកាន់លើរូបលោកនៅឯព្រឹទ្ធសភាអាមេរិកនាសប្តាហ៍ក្រោយនេះ ។
ទីប្រឹក្សាជាន់ខ្ពស់របស់លោក ដូណាល់ ត្រាំ គឺលោក ចេសុន មីល្លឺ បានប្រាប់សារព័ត៌មានរ៉យទ័រថា លោកប្រធានាធិបតីនឹងមិនចូលរួមផ្តល់សក្ខីកម្មនៅក្នុងនីតិវិធី ដែលមិនស្របទៅតាមរដ្ឋធម្មនុញ្ញនោះទេ ។ ដោយឡែក នៅក្នុងលិខិតចំហមួយ មេធាវីរបស់លោក ត្រាំ គឺលោក ព្រូស ខាស្តឺ និងលោក ដេវីដ ឆូន ក៏បានហៅសំណើរនេះដែរថា ជាការទាក់ទាញយកចំណាប់អារម្មណ៍ ។
សូមជម្រាបថា ក្រុមអ្នកប្រជាធិបតេយ្យបានចោទប្រកាន់លោក ដូណាល់ ត្រាំ ពីបទញុះញង់អោយមានការវាយលុកចូលវិមានសភា កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ ដោយក្រុមកុបករគាំទ្រលោក ហើយជាលទ្ធផលនោះ មានមនុស្ស០៥នាក់បាត់បង់ជីវិត ៕ ប្រភព៖ Reuters

