បាតុករមីយ៉ាន់ម៉ាម្នាក់ដែលត្រូវប៉ូលិសបាញ់គ្រាប់ពិតចំក្បាលក្នុងរដ្ឋធានីណៃពិដោ បានស្លាប់ហើយ
មីយ៉ាន់ម៉ា៖ នាង ម៉ា មីយ៉ា ធ្វីធ្វី ឃាំង អាយុ១៩ឆ្នាំដែលត្រូវប៉ូលិសបាញ់គ្រាប់ពិតចំក្បាល អំឡុងពេលធ្វើបាតុកម្មនៅទីក្រុងណៃពិដោ ប្រឆាំងនឹងរដ្ឋាភិបាលយោធាកាលពីថ្ងៃទី០៩ ខែកុម្ភៈកន្លងទៅ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាមួយនឹងស្ថានភាពធ្ងន់ធ្ងរនោះ បានទទួលមរណភាពហើយ ។
ក្រុមគ្រូពេទ្យបានព្យាយាមយ៉ាងខ្លាំង ដើម្បីយកគ្រាប់កាំភ្លើងនៅខាងក្នុងក្បាលរបស់ជនរងគ្រោះខាងលើនេះ ប៉ុន្តែពួកគេបានព្យាយាមអស់ពីសមត្ថភាព និងបញ្ឈប់ការវះកាត់នេះនៅព្រឹកថ្ងៃសុក្រសប្តាហ៍នេះ ។ នាង ម៉ា មីយ៉ា ធ្វីធ្វី ឃាំង គឺជាបាតុករដំបូងគេដែលបានស្លាប់ក្នុងបាតុកម្មប្រឆាំងការកាន់កាប់ដោយយោធាក្រោយរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ ។
វេជ្ជបណ្ឌិតម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា យោងតាមការធ្វើកោសល្យវិច័យនោះ គ្រាប់កាំភ្លើងដែលប៉ូលិសបានប្រើ ដើម្បីបង្ក្រាបក្រុមអ្នកតវ៉ាដោយអហិង្សា មិនមែនជាគ្រាប់កាំភ្លើងជ័រទេ ប៉ុន្តែជាគ្រាប់កាំភ្លើងពិត ខណៈយោធាបានបដិសេធថា ខ្លួនមិនបានប្រើគ្រាប់ពិតនោះទេ ៕ ប្រភព៖ Myanmar Times


