សហរដ្ឋអាមេរិកអាចនឹងដកក្រុមឧទ្ទាមហូទីនៅប្រទេសយ៉េមែន ចេញពីបញ្ជីឈ្មោះក្រុមភេវរករនៅថ្ងៃទី១៦ ខែកុម្ភៈខាងមុខ
អាមេរិក៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់តូនី ប្លីនខិន នៅថ្ងៃសុក្រនេះនិយាយថា រូបលោកនឹងដកក្រុមសកម្មប្រយុទ្ធហូទីនៅប្រទេសយ៉េមែន ចេញពីបញ្ជីឈ្មោះក្រុមភេវរករនៅថ្ងៃទី១៦ ខែកុម្ភៈខាងមុខនេះ បើទោះបីជាលោកបានព្រមានថា សមាជិកនៃក្រុមនេះនឹងទទួលរងនូវទណ្ឌកម្មបន្ថែមទៀតក៏ដោយ ។
រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដាក់បញ្ចូលក្រុមឧទ្ទាមហូទីនៅប្រទេសយ៉េមែនជាអង្គការភេវរកម្មបរទេស បើទោះបីជាមានការព្រមានពីរដ្ឋាភិបាលប្រទេសនានា ក្រុមផ្តល់ជំនួយ និងអង្គការសហប្រជាជាតិថា ការដាក់ទណ្ឌកម្មនេះនឹងរុញច្រាលអោយយ៉េមែនធ្លាក់ជ្រៅក្នុងគ្រោះទុរភិក្សដ៏ធ្ងន់ធ្ងរក៏ដោយ ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក មេដឹកនាំក្រុមឧទ្ទាមហូទីចំនួន០៣រូបដែលជាប់ទណ្ឌកម្មរបស់រដ្ឋបាលលោក ត្រាំ គឺ អាប់ឌុល ម៉ាលីគ អាល់ហូទី, អាប អាល់ខាលីក បាដ អាល់ហូទី និងអាប់ឌុលឡា យ៉ាយ៉ា អាល់ ហាឃីម ក៏អាចនឹងត្រូវដកចេញពីបញ្ជីទណ្ឌកម្មនៅថ្ងៃទី១៦ ខែកុម្ភៈខាងមុខនេះផងដែរ ។
សូមបញ្ជាក់ថា ប្រធានានាធិបតីអាមេរិកលោក ចូ បៃដិន ចាប់តាំងពីចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករាកន្លងទៅ បានប្រញាប់ប្រញាល់ត្រួតពិនិត្យឡើងវិញនូវគោលនយោបាយរបស់សហរដ្ឋអាមេរិក ដើម្បីបន្ធូរបន្ថយវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក ក៏ដូចជាបង្កើនកិច្ចការផ្នែកការទូត ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅប្រទេសយ៉េមែន ៕ ប្រភព៖ Reuters

