ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន៤នាក់នៅថ្ងៃទី១៧កុម្ភៈឆ្នាំ២០២១
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៨កុម្ភៈឆ្នាំ២០២១នេះបានឲ្យដឹងថា អ្នកឆ្លងថ្មីទាំង៤នាក់នោះមាន បុរសជនជាតិឥណ្ឌូនេស៊ីអាយុ១៨ឆ្នាំ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បានបន្តជើងហោះហើរនៅប្រទេសសឹង្ហបុរី ហើយបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៦កុម្ភៈ។ ទី២ស្ត្រីជនជាតិឥណ្ឌូនេស៊ីអាយុ១៨ឆ្នាំ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បានបន្តជើងហោះហើរនៅប្រទេសសឹង្ហបុរី ហើយបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៦កុម្ភៈ។
ទី៣ស្ត្រីជនជាតិចិន អាយុ៣១ឆ្នាំ ជាអ្នកដំណើរមកពីប្រទេសចិន បានបន្តជើងយន្តហោះនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៧កុម្ភៈឆ្នាំ២០២១ និងទី៤ បុរសជនជាតិស្វីសអាយុ៦២ឆ្នាំ ជាអ្នកធ្វើដំណើរមកពីប្រទេសស្វីស ហើយបានបន្តជើងហោះហើរនៅប្រទេសសិង្ហបុរី និងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៤កុម្ភៈ។
នៅថ្ងៃនេះ ក្រសួងសុខាភិបាលបានប្រកាសដែរថា មិនមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩នោះឡើយ។ កម្ពុជាគិតមកដល់ថ្ងៃទី១៨កុម្ភៈឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៤៨៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៤៧០នាក់ និងនៅសល់១៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕