2ឆ្នាំទៀតក្រុមហ៊ុន Maersk នឹងក្លាយជាក្រុមហ៊ុនដំបូងគេលើលោកប្រើប្រាស់នាវាដឹកទំនិញមិនបញ្ចេញសារជាតិកាបូន
បរទេស៖ក្រុមហ៊ុនដឹកទំនិញតាមកុងទីន័រធំបំផុតមួយលើលោក Maersk បានប្រកាសនៅថ្ងៃពុធនេះថាខ្លួននឹងចាប់ផ្តើមពន្លឿនផែនការបញ្ចប់ទៅនៃប្រតិបត្តិការដឹកជញ្ជូនរបស់ខ្លួនតាមនាវាឲ្យលែងមានការបញ្ចេញសារជាតិកាបូនទៀតហើយនៅត្រឹមឆ្នាំ2023 ខាងមុខនេះ។
ក្រុមហ៊ុនបានប្រកាសទៀតថា Maersk នឹងក្លាយទៅជាក្រុមហ៊ុនដំបូងបំផុតលើលោកដែលនាវាដឹកទំនិញរបស់ខ្លួននឹងឈប់ប្រើប្រាស់ថាមពលឥន្ធនៈ ហើយមិនត្រឹមតែប៉ុណ្ណោះគឺនៅមុនផែនការជាសកលរបស់ពិភពលោកដើម្បីបញ្ចប់ទៅនូវសារជាតិពុលមួយនេះនៅក្នុងឆ្នាំ2030ផងដែរ។
គួរឲ្យដឹងដែរថាឧស្សាហកម្មដឹកជញ្ជូនតាមនាវាដែលគឺជាមធ្យោបាយចរាចរណ៍ពាណិជ្ជកម្មដល់ទៅ 80 ភាគរយនៃពាណិជ្ជកម្មពិភពលោកហើយជាវិស័យដែលបានធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងបញ្ចេញសារជាតិកាបូនឌីអុកស៊ីតដល់ទៅ 3 ភាគរយផងនៃជាតិពុលដែលមាននៅទូទាំងភពផែនដី។ ឧស្សាហកម្មនេះធ្លាប់បានសន្យាកាល
ពីឆ្នាំទៅថានឹងបញ្ចប់ការប្រើប្រាស់ថាមពលឥន្ធនៈហ្វូស៊ីលរបស់ខ្លួនទាំងអស់ឲ្យបាននៅត្រឹមឆ្នាំ2030។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនបាននិយាយថាការកើនឡើងនៃតំរូវការរបស់អតិថិជនព្រមទាំងបច្ចេកវិទ្យាទំនើបដើម្បីផ្គត់ផ្គង់នូវសង្វាក់ផលិតកម្មដែលប្រកបដោយនិរន្តភាពនោះ Maersk បានប្រឹងប្រែងយ៉ាងខ្លាំងអស់ពីលទ្ធភាពក្នុងការធ្វើឲ្យនាវារបស់ខ្លួនទាំងអស់ក្លាយជាអ្នកបញ្ចប់ទៅនៃការបំពុលបរិយាកាសឲ្យបានមុនដំបូងគេបំផុតលើលោក៕