ព្រឹត្តិការណ៍ថ្មី Phnom Penh International Aquathlon នឹងបង្ហាញវត្តមាន នៅខែមិនា ឆ្នាំ២០២១

លោក ងិន សុបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីអាត្លុងកម្ពុជា បានបង្ហើបប្រាប់អ្នកយក ព័ត៌មានទូរទស្សន៍អប្សរាថា ព្រឹត្តិការណ៍ថ្មី ដែលមានឈ្មោះ Phnom Penh International Aquathlon ពុំធ្លាប់រៀបចំពីមុនមកនៅកម្ពុជា សហព័ន្ធគ្រោងរៀបចំ នៅក្នុងពហុកីឡដ្ឋាន មរតកតេជោ នាអំឡុងពាក់កណ្តាលខែមិនា ឆ្នាំ២០២១ ។

អគ្គលេខាធិការខាងលើ អះអាងថា ព្រឹត្តិការណ៍ថ្មីនេះ សហព័ន្ធរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីវិញ្ញាសា Aquathlon ដែលជាវិញ្ញាសាថ្មីមួយ ត្រៀមបញ្ចូល នៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ពិសេសទៀតនោះសហព័ន្ធចង់ឲ្យកីឡាករ កីឡាការិនីបានពង្រឹងសមត្ថភាពបច្ចេកទេស ចំពោះវិញ្ញសាថ្មី ដើម្បីត្រៀមដណ្តើមមេដាយជូនកម្ពុជា ។

ម្យ៉ាងវិញទៀតព្រឹត្តិការណ៍ថ្មីនេះយើងក៍បើកឲ្យកីឡាករបរទេសចូលរួមប្រកួតប្រជែងជាមួយអត្តពលិកយើង ដើម្បីបន្សាំខ្លួន នឹងផ្លាស់ប្តូរបទពិសោធន៍ ត្រៀមចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ។

សូមបញ្ជាក់ថា Aquathlon ជាវិញ្ញាសាមួយ ក្នុងប្រភេទកីឡាទ្រីអាត្លុង ដោយត្រូវលេង២វិញ្ញាសាបូកបញ្ចូលគ្នា គឺហែលទឹកមួយគីឡូម៉ែត្រ និងរត់ចម្ងាយ៥គីឡូម៉ែត្រ ។

សម្រាប់ព្រឹត្តិការណ៍ថ្មីនេះ មានឈ្មោះថា Phnom Penh International Aquathlon គ្រោងនឹងរៀបចំនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២១ ប្រសិនបើស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរ ៕

