មនុស្សពេញវ័យទាំងអស់នៅចក្រភពអង់គ្លេស នឹងត្រូវបានផ្តល់ជូនវ៉ាក់សាំងបង្ការជំងឺ Covid-19 នៅចុងខែកក្កដាខាងមុខ
អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានសន្យាថា មនុស្សពេញវ័យរាល់គ្នានៅក្នុងចក្រភពអង់គ្លេស នឹងទទួលបានការផ្តល់ជូននូវការចាក់វ៉ាក់សាំងការពារជំងឺ Covid-19 នៅចុងខែកក្កដាខាងមុខនេះ ។
លោក បូរីស ចនសុន បានថ្លែងប្រាប់សារព័ត៌មាន Sky News ថា យើងនឹងឥឡូវនេះមានគោលបំណងផ្តល់ជូននូវការចាក់វ៉ាក់សាំងដល់មនុស្សពេញវ័យរាល់គ្នានៅចុងខែកក្កដាខាងមុខ ដើម្បីជួយការពារជនងាយរងគ្រោះបំផុតអោយបានឆាប់ៗ និងចាត់វិធានការបន្ថែមទៀត ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួន ។
បើតាមលោក ចនសុន នោះ ប្រជាជនអង់គ្លេសមានអាយុលើសពី៥០ឆ្នាំ និងអ្នកដែលមានសុខភាពមិនល្អប្រសើរនឹងត្រូវផ្តល់ជូនការចាក់វ៉ាក់សាំងនៅថ្ងៃទី១៥ ខែមេសាខាងមុខនេះ ។ រហូតមកទល់ពេលនេះ មានមនុស្សច្រើនជាង១៧.២លាននាក់ហើយនៅទូទាំងចក្រភពអង់គ្លេស ដែលបានទទួលការចាក់វ៉ាក់សាំង Covid-19 ដូសដំបូង នេះបើតាមតួលេខផ្លូវការចុងក្រោយបំផុត ៕ ប្រភព៖ ស៊ីនហួរ


