ហ្គីណេ និងកុងហ្គោរកឃើញអ្នកឆ្លងជំងឺអេបូឡាចំនួន១៤ករណី និងស្លាប់៩នាក់ ខណៈ WHO ផ្តល់ជំនួយវ៉ាក់សាំងបង្ការជាង១០ម៉ឺនដូសដល់ហ្គីណេ
ហ្គីណេ៖ ប្រទេសអាហ្វ្រិកចំនួនពីរ រួមមានហ្គីណេ និងសាធារណៈរដ្ឋកុងហ្គោបានរាយការណ៍ពីអ្នកឆ្លងជំងឺអេបូឡាចំនួន១៤ករណី និងស្លាប់ចំនួន៩នាក់ នេះបើតាមមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងអាហ្រ្វិក (Africa CDC) ។
ស្របពេលជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលហ្គីណេបានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺអេបូឡាសរុបចំនួន១ម៉ឺន១ពាន៥រយដូស ដែលបរិច្ចាគដោយអង្គការសុខភាពពិភពលោក (WHO) បានមកដល់ប្រទេសអាហ្វ្រិកខាងលិចមួយនេះហើយ ។ បើតាមក្រសួងសុខាភិបាលហ្គីណេ វ៉ាក់សាំងនេះ នឹងត្រូវបានប្រើប្រាស់ជាចម្បង សម្រាប់ផ្ដល់ការចាក់ជូនដល់ប្រជាជនដែលនៅភាគអាគ្នេយ៍នៃខេត្ត ហ្សេរ៉េករហើយនឹងត្រូវបានដឹកជញ្ជូនទៅកាន់តំបន់ភ្នំភាគអាគ្នេយ៍នៃប្រទេសហ្គីណេ ដើម្បីចាក់ជូនដល់ប្រជាជនក្នុងតំបន់នោះនៅថ្ងៃអង្គារសប្ដាហ៍នេះផងដែរ ។
គួរបញ្ជាក់ថា អេបូឡា ដែលជាជំងឺដ៏កាចសាហាវឆ្លងពីសត្វមកមនុស្ស តាមរយៈសារធាតុរាវចេញពីរាងកាយនោះ ក៏អាចឆ្លងតាមការប៉ះពាល់ជាមួយរបស់ ឬ កន្លែងដែលមានផ្ទុកវីរុសនេះផងដែរ ។ ឈ្មោះថា អេបូឡា នេះ បានមកពីឈ្មោះទន្លេរបស់កុងហ្គោ ដែលនៅក្បែរទីតាំងដែលវីរុសនេះត្រូវបានរកឃើញជាលើកដំបូង ដោយក្រុមអ្នកស្រាវជ្រាវដឹកនាំដោយសាស្រ្តាចារ្យជនជាតិប៊ែលហ្សិកឈ្មោះ ភីធើ ភាត (Peter Piot) កាលពីឆ្នាំ១៩៧៦ ។ បើតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកនោះ ជំងឺអេបូឡាបានផ្តាច់ជីវិតមនុស្សជាង១ម៉ឺន១ពាន់នាក់ នៅតំបន់ភាគខាងលិច នៃទ្វីបអាហ្រ្វិកកាលពីចន្លោះឆ្នាំ២០១៤-២០១៥ ៕ ប្រភព៖ ស៊ីនហួរ

