ស្វែងយល់អំពីបញ្ហាប្រឈមធំៗបួននៃជំងឺកូវីដ-១៩ សម្រាប់ពិភពលោក
ជំងឺកូវីដ-១៩ បាន និងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច សុខមាលភាព និងអាយុជីវិតមនុស្សរាប់លាននាក់នៅជុំវិញពិភពលោក។ ដូច្នេ ប្រទេសទាំងអស់ត្រូវចាត់ទុកអាយុជីវិត សុវត្ថិភាព និងសុខភាពរបស់ប្រជាជនជាអាទិភាពខ្ពស់បំផុត ព្រមទាំងជំរុញសាមគ្គីភាពជាសកលដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងចក្ខុវិស័យនៃការកសាងសហគមន៍សុខភាពពិភពលោកសម្រាប់មនុស្សទាំងអស់ និងស្មើៗគ្នា។ បញ្ហាប្រឈមធំៗបួននៃជំងឺកូវីដ-១៩ សម្រាប់ពិភពលោក មានដូចជា ៖
ទីមួយ ចំនួននៃការឆ្លងមេរោគកូវីដ១៩ យ៉ាងច្រើននៅទូទាំងពិភពលោក
បើយោងតាមប្រភពទិន្នន័យប្រចាំការផ្ទាល់នៃចំនួនអ្នកឆ្លងជំងឺកូវីដ១៩ របស់សាកលវិទ្យាល័យ Johns Hopkins University នៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុបទូទាំងពិភពលោក មានចំនួនជាង ១១៥ លាននាក់។ សហរដ្ឋអាមេរិកជាប្រទេសដែលនាំមុខគេជាមួយនឹងអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៩ លាននាក់ ទីពីរគឺឥណ្ឌា ចំនួន ១១ លាននាក់ និងទីបីគឺប្រេស៊ីល ចំនួន ១០លាននាក់។ ក្រៅពីនេះ ប្រទេសប្រមាណ១០ទៀត មានអ្នកកើតជំងឺកូវីដ-១៩ លើសពី៥០,០០០ ករណី ដូចជា ម៉ិចស៊ិចកូ ចក្រភពអង់គ្លេស អ៊ីតាលី បារាំង រុស្ស៊ី អ៊ីរ៉ង់ អេស្ប៉ាញ អាល្លឺម៉ង់ និង កូឡុំប៊ី ជាដើម ខណៈពេលដែលប្រទេសចិន (រួមទាំងហុងកុង និងម៉ាកាវ) ចំនួនអ្នកឆ្លងជំងឺបានធ្លាក់ចុះជាបន្តបន្ទាប់។ អ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកមានចំនួន ២.៤៥ លាននាក់ ហើយសហរដ្ឋអាមេរិកតែឯងមានករណីស្លាប់ចំនួន ៥២ម៉ឺននាក់ ។
អត្រាអ្នកស្លាប់ដ៏ច្រើនលើបលប់នៅសហរដ្ឋអាមេរិកដោយសារជំងឺកូវីដ-១៩ បានកើនលើសពីអត្រាអ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទីមួយ សង្គ្រាមលោកលើកទីពីរ សង្គ្រាមវៀតណាម សង្គ្រាមកូរ៉េ និងព្រឹត្តិការណ៍ថ្ងៃវាយប្រហារដោយពួកវេរកម្ម ថ្ងៃ១១ ខែកញ្ញា ទៅទៀត។ វិបត្តិនៃការរីករាលដាលដ៏ធ្ងន់ធ្ងរបំផុតនោះគឺក្នុងរដូវរងារ ដោយសារតែមូលហេតុធំៗចំនួនបួន។ ទីមួយ លោក ដូណាល់ ត្រាំ បានញុះញង់ឲ្យមានការធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត ហើយអ្នកគាំទ្ររបស់លោកជាច្រើនមិនបានពាក់ម៉ាស់ការពារនោះទេ។ ទីពីរ មិត្តភក្តិ និងសាច់ញាតិជាច្រើនបានមកជួបជុំគ្នាក្នុងថ្ងៃបុណ្យរំលឹកគុណ ថ្ងៃបុណ្យណូអែល និងថ្ងៃឆ្លងឆ្នាំសាកល។ ទីបី ប្រជាពលរដ្ឋអាមេរិកជាច្រើនបានជួបជុំនិងធ្វើសកម្មភាពក្នុងផ្ទុះ ជាជាងនៅខាងក្រៅ ហើយចំណុចចុងក្រោយនោះ គឺដោយសារការរីករាលដាលនៃមេរោគវិវត្តថ្មី។

ទីពីរ ការស្វែងរកប្រភពមេរោគកូវីដ-១៩ ៖ ភស្តុតាងពីប្រភពផ្សេងៗ
កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោកបានមកដល់ទីក្រុងវូហានប្រទេសចិនដើម្បីស៊ើបអង្កេតពីប្រភពនៃជំងឺកូវីដ-១៩។ នៅថ្ងៃទី១៥ ខែមករា អង្គការសុខភាពពិភពលោកបានលើកឡើងថា មានការសិក្សាមួយចំនួនបានរកឃើញនូវវត្តមានមេរោគផ្លូវដង្ហើមប្រភេទថ្មីនៅឆ្នាំ២០១៩ តាមរយៈការធ្វើរោគវិនិច្ឆ័យ និងវិភាគតេស្តឈាម។ នៅថ្ងៃទី២២ ខែមករា លោក Peter Ben Embarek អ្នកជំនាញផ្នែកជំងឺឆ្លងដោយវីរុស និងប្រធានក្រុមស្រាវជ្រាវមេរោគកូវីដ-១៩នៃអង្គការសុខភាពពិភពលោក បាននិយាយ “វាពិតជាលឿនពេកហើយ ដើម្បីកំណត់ថាតើមេរោគកូវីដ-១៩មានប្រភពមកពីណានោះ”។ លោកបានបន្តទៀតថា វា “សឹងតែមិនអាចទៅរួចទេ” ដែលថាមេរោគនេះបានលេចធ្លាយចេញពីមន្ទីពិសោធន៍នៅទីក្រុងវូហាននោះ។
ការស្វែងរកប្រភពដើមនៃមេរោគកូវីដ-១៩ ពិតជារឿងដ៏លំបាកមួយ ហើយទាមទាររយៈពេលវែងឆ្ងាយ។ ប្រទេសទាំងអស់ក្នុងសាកលលោកត្រូវតែសហការគ្នាដើម្បីស្វែងរកប្រភពដើម និងយន្តការនៃការឆ្លងរាលដាលរបស់មេរោគនេះ។ ក៏ប៉ុន្តែ មានព័ត៌មាន ភស្តុតាង និងការសិក្សាស្រាវជ្រាវ បន្តបន្ទាប់ពីប្រទេសផ្សេងៗបានបង្ហាញថាប្រភេទមេរោគ SARS-CoV-2 បានកើតមានឡើងនៅជុំវិញពិភពលោកនៅក្នុងឆ្នាំ២០១៩។
ឧទាហរណ៍ នៅប៉ែកខាងជើងប្រទេសបារាំង ក្រុមគ្រូពេទ្យបានរកឃើញអ្នកជំងឺផ្នែកប្រព័ន្ធដង្ហើម ភេទប្រុស អាយុ៤២ឆ្នាំ ដែលបានចូលសម្រាកនៅមន្ទីរពេទ្យនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ហើយក្រោយមក រកឃើញថាមានវ៉ីរ៉ុសកូរូណាផ្លូវដង្ហើមថ្មី (coronavirus nucleic acid) នៅក្នុងសំលីដែលគេដកចេញពីច្រមុះរបស់គាត់ ហើយករណីនេះក៏ត្រូវបានលើកយកមកបោះពុម្ភផ្សាយផងដែរនៅក្នុង ទិនានុប្បវត្តិអតិសុខុមជីវសាស្ដ្រអន្តរជាតិផងដែរ (International Journal of Microbiology)។
នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ពីករណីជំងឺកូវីដ-១៩ទីមួយក្នុងទឹកដីរបស់ខ្លួន។ ក៏ប៉ុន្តែ របាយការណ៍បោះពុម្ពផ្សាយដោយមជ្ឈមណ្ឌល គ្រប់គ្រងនិងបង្ការជំងឺឆ្លងនៅក្នុងទិនានុប្បវត្តិឈ្មោះ Clinical Infectious Diseases បង្ហាញថាក្នុងការធ្វើតេស ឈាមចំនួន៣៩ករណី ដែលប្រមូលដោយកាកបាទក្រហមអាមេរិក នៅរដ្ឋ California, Oregon, និង Washington ចាប់ពីចន្លោះថ្ងៃទី១៣ ធ្នូ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ រកឃើញថាមានអង្គបដិប្រាណជាមួយនឹងវីរុសកូរ៉ូណានេះ ហើយការរកឃើញនេះបញ្ជាក់ថា វីរុសកូរ៉ូណានេះបានក៏កើតនិងរីកសាយនៅសហរដ្ឋអាមេរិកចាប់ពីចុងឆ្នាំ២០១៩ នោះមកម្លេះ។

ទី៣ មេរោគកូវីដ (វីរុស) បំប្លែងខ្លួនថ្មី ៖ ការគ្រប់គ្រងស្ថានភាពនៅពេលបច្ចុប្បន្ន និងអនាគតមិនច្បាស់លាស់
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ អង្គការសុខភាពពិភពលោកបានបង្ហាញថា យ៉ាងហោចណាស់ មាន៦០ប្រទេសហើយ ដែលបានឆ្លងវីរុសវិវត្តថ្មី B117 ដែលត្រូវបានគេរកឃើញដំបូងបំផុតនៅ ចក្រភពអង់គ្លេស ជាមួយនឹងប្រទេសជាង១០ ដែលឆ្លងវីរុសបំប្លែងខ្លួនថ្មីកាលពីសប្តាហ៍មុន និង២៣ប្រទេសទៀតមានវីរុសបំប្លែងខ្លួនថ្មី 501Y.V2 ដែលផ្ទុះឡើងនៅប្រទេសអាហ្វ្រិកខាងត្បូង។ សហរដ្ឋអាមេរិក បារាំង ដាណាម៉ាក និងប្រទេសជាច្រើនទៀតបានក្រើនរំលឹករួចមកហើយថា វីរុសបំប្លែងខ្លួនថ្មីនឹងមានគ្រោះថ្នាក់បំផុត។
វីរុសបំប្លែងខ្លួនថ្មីមានអត្រាឆ្លងកើនឡើងដល់ទៅចន្លោះពី៤០ ទៅ៧០ភាគរយ។ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ចក្រភពអង់គ្លេស មានករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីជាង ៥,៨០០ ករណី តែក្នុងរយៈពេលមួយថ្ងៃ។ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានលើកឡើងថា “វីរុសបំប្លែងខ្លួនថ្មីនឹងបង្កឱ្យមានចំនួនអ្នកស្លាប់កើនឡើងថែមទៀត”។ អត្រាចំនួនអ្នកស្លាប់ក្នុងម្នាក់ៗគឺ១.៤៩% (មានន័យថា ចំនួនអ្នកស្លាប់គឺ ៩៨,១២៩ នាក់ក្នុងចំណោមប្រជាជនសរុប ៦៦លាននាក់) ដែលជាអត្រាខ្ពស់ជាងគេបំផុតក្នុងពិភពលោក។
ដោយសារតែការរាតត្បាតនៅរដូវរងារ និងការឆ្លងរីករាលដាលយ៉ាងលឿននៃវីរុសបំប្លែងខ្លួនថ្មីនេះហើយ ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និងហូឡង់ បានបិទព្រំដែនរបស់ខ្លួនជាបន្តបន្ទាប់ធ្វើឱ្យប្រជាជនទ្វីបអ៊ឺរ៉ុបជាង ២៣០លាននាក់ ត្រូវរស់នៅក្នុងស្ថាពភាពបិទប្រទេស។

ទី៤ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ៖ ការបែងចែកដោយអយុត្ដិធម៌ និងក្តីបារម្ភពីសុវត្ថិភាព
កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ អង្គការសុខភាពពិភពលោកបានលើកឡើងថាប្រទេស១០ ដូចជា សហរដ្ឋអាមេរិក ចិន ចក្រភពអង់គ្លេស អ៊ីស្រាអែល អេមីរេតអារ៉ាប់រួម អ៊ីតាលី រុស្ស៊ី អេស្ប៉ាញ និងកាណាដា គ្រប់គ្រង ៩៥ភាគរយ នៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ប្រើប្រាស់ក្នុងពិភពលោក។
ក្រុមប្រទេសប្រទេសអភិវឌ្ឍន៍ និងមហាអំណាចកាន់កាប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើសពីចំនួនប្រើប្រាស់របស់ពលរដ្ឋខ្លួន និងមិនបានខ្វល់ខ្វាយពីសិទ្ធិរស់រានមានជីវិត និងសិទ្ធិទទួលបានការគាំពារសុខភាពសម្រាប់បណ្តាប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍ជាច្រើនៗ ដែលកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំង (ដោយសារកង្វះបុគ្គលិកសុខាភិបាល និងចំនួនមនុស្សចាស់ដ៏ច្រើន)។ នាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom កាលពីថ្ងៃទី១៨ មករា ឆ្នាំ២០២១ បានក្រើនរំលឹកថា ពិភពលោកទាំងមូលកំពុងតែខិតជិតដល់ “ភាពបរាជ័យផ្នែកសីលធម៌ដ៏គ្រោះថ្នាក់បំផុត” ក្នុងប្រវិត្តិសាស្រ្តមនុស្សជាតិ។
ជាក់ស្តែង ប្រទេសអភិវឌ្ឍន៍ និងប្រទេសមហាអំណាចខ្លួនឯង ក៏ជួបនឹងវិបត្តិនៃការបែងចែកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយភាពយឹតយ៉ាវ និងអយុត្តិធម៌ផងដែរ។ នៅសហរដ្ឋអាមេរិក រដ្ឋបាលរបស់ លោក ដូណាល់ ត្រាំ ខ្វះភាពដឹកនាំ និងបានពន្យាពេល និងបាត់បង់ឱកាសដ៏មានតម្លៃបំផុតក្នុងការជួយសង្រ្គោះអាយុជីវិតពលរដ្ឋអាមេរិកជាច្រើន។ រដ្ឋបាលរបស់លោកបានសន្យាថា យ៉ាងហោចណាស់ មានពលរដ្ឋអាមេរិក ២០លាននាក់ នឹងទទួលបានវ៉ាក់សាំងនៅចុងឆ្នាំ២០២០។ ប៉ុន្តែជាក់ស្តែង មានតែពលរដ្ឋអាមេរិកប្រហែលជាង ២.៨លាននាក់ប៉ុណ្ណោះ បានទទួលវ៉ាក់សាំង ដែលតិចជាងការរំពឹងយ៉ាងច្រើនបំផុត។
អង្គការសុខភាពពិភពលោកបានចាប់ផ្តើមវាយតម្លៃវ៉ាក់សាំងពីប្រភេទទៀត របស់ប្រទេសចិន Kexing និង Guoyao។ ប្រសិនបើវ៉ាក់សាំងទាំងពីនេះត្រូវបានអនុញ្ញាតិដោយអង្គការសុខភាពពិភពលោកសម្រាប់ ប្រើប្រាស់ក្នុងគ្រាអាសន្ន ជាមួយនឹងវ៉ាក់សាំង Pfizer និង Modena mRNA ដែរនោះ អាយុជីវិតប្រជាជនរាប់លាននាក់ក្នុងប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍ នឹងត្រូវបានជួយសង្រ្គោះឱ្យរួចផុតពីគ្រោះថ្នាក់។ ប្រទេសចិនមានសមត្ថភាពនិងសង្វាក់ផលិតកម្មខ្ពស់ ដែលអាចធានាបានការផលិតចំនួនវ៉ាក់សាំងររាប់រយលានដូសក្នុងមួយឆ្នាំៗ សម្រាប់បែបចែកដោយយុត្តិធម៌ដល់ដល់ប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍ តាមរយៈកម្មវិធីផ្ដល់វ៉ាក់សាំងកូវីដ-១៩ ជាសកលរបស់អង្គការសុខភាពពិភពលោកដែលហៅថា COVAX ។

សរុបសេចក្តីមក វ៉ាក់សាំងកូវីដ-១៩ មិនមែនជាឱសថទិព្វដែលអាចការពារមេរោគនេះរហូតនោះទេ។
តាមរយៈលទ្ធផលនៃការធ្វើពិសោធន៍ វ៉ាក់សាំងដែលកំពុងប្រើប្រាស់បច្ចុប្បន្ននេះអាចមានរយៈពេលត្រឹមតែកន្លះឆ្នាំប៉ុណ្ណោះ ហើយមិនមានអាយុកាលច្បាស់លាស់ទៀតផង។ ប្រភេទមេរោគកូវីដបំប្លែងខ្លួនថ្មីអាចនៅក្នុងខ្លួនរបស់មនុស្សយើងជារៀងរហូត។ ដូច្នេះ ប្រសិនបើមិនមានថ្នាំច្បាស់លាស់បែបនេះ តើនេះមានន័យថាយើងម្នាក់ៗត្រូវការចាក់វ៉ាក់សាំងពីរដងរាល់ឆ្នាំមែនទេ? ប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍នឹងមិនមានលទ្ធភាព ហិរញ្ញវត្ថុដើម្បីទិញវ៉ាក់សាំងមកឱ្យប្រជាជនខ្លួននោះឡើយ ហើយគេនឹងមិនអាចពឹងទៅលើជំនួយពីអង្គការសុខភាពពិភពលោក និងប្រទេសអភិវឌ្ឍន៍រាល់ឆ្នាំនោះដែរ។ បន្ទាប់ពីការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ចំណុចធំៗដូចជា ហានិភ័យដល់មនុស្សចាស់ជរា និងអ្នកមានជំងឺរាំរ៉ៃ ផលប៉ះពាល់នៃការធ្វើឱ្យប្រសើរលើអង្គបដិបក្ខប្រាណ ការចាក់វ៉ាក់សាំងដល់ប្រជាជននៅតំបន់ជនបទ និងការឆ្លងរីករាលដាលជាថ្មីត្រូវតែដោះស្រាយដោយការយកចិត្តទុកដាក់និងការប្រុងប្រយ័ត្នខ្ពស់បំផុត។
អត្ថបទដោយ ៖ Sambath Kem
