អគ្គរដ្ឋទូតមីយ៉ាន់ម៉ាតែងតាំងដោយយោធាប្រចាំនៅអង្គការសហប្រជាជាតិប្រកាសលាលែងពីតំណែង
បរទេស៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍នេះបញ្ជាក់ថា អគ្គរដ្ឋទូតថ្មីរបស់មីយ៉ាន់ម៉ាប្រចាំនៅស្ថាប័នពិភពលោកនេះ បានលាលែងពីតំណែង ដោយនិយាយថា អ្នកកាន់តំណែងមុនរបស់គាត់ ដែលត្រូវបានបណ្តេញដោយរបបយោធានៅតែបន្តធ្វើជាតំណាងប្រទេស ។
ពួកឧត្តមសេនីយ៍បានតែងតាំងឯកអគ្គរដ្ឋទូតរងលោក ទីន មួង នាង ឱ្យអង្គុយកៅអីជំនួសលោក ច ម៉ូ ទុន ។ ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក ស្តេហ្វាន ឌូហ្សារិក បាននិយាយថា បេសកកម្មរបស់មីយ៉ាន់ម៉ាបានផ្ញើសារទាក់ទងទៅស្ថាប័នពិភពលោកនេះថា លោក ទីន មួង នាង បានដាក់លិខិតលាលែងពីតំណែងរបស់លោក ដោយរំលឹកថា លោក ច ម៉ូ ទុន នៅតែជាតំណាងអចិន្ត្រៃយ៍របស់មីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ ។
សកម្មភាពខាងលើកើតឡើងក្រោយការប្រឈមមុខដាក់គ្នាមួយ ដោយលោក ច ម៉ូ ទុន បានសរសេរលិខិតទៅប្រធានមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទនេះ ដើម្បីអំពាវនាវថា រដ្ឋប្រហារនេះគឺខុសច្បាប់ ដូច្នេះយោធាគ្មានសិទ្ធិក្នុងការដកគាត់ចេញទេ និងថា ដូច្នេះលោកសូមបញ្ជាក់ប្រាប់អ្នកថា លោកនៅតែជាតំណាងអចិន្ត្រៃយ៍របស់មីយ៉ាន់ម៉ានៅអង្គការសហប្រជាជាតិ ៕ ប្រភព៖ AFP


