ព្រឹទ្ធសភាអាមេរិកផ្តល់ថវិកាចំនួន៣០ពាន់លានដុល្លារ ក្នុងការជំរុញឱ្យឧស្សាហកម្មផលិតឈីបក្នុងស្រុក ដើម្បីប្រកួតប្រជែងនឹងចិន
អាមេរិក៖ ព្រឹទ្ធសភាអាមេរិកកំពុងពិចារណាអនុម័តទឹកប្រាក់ចំនួន៣០ពាន់លានដុល្លារ ដើម្បីជំរុញឱ្យឧស្សាហកម្មផលិត ឈីប ក្នុងស្រុកដំណើរការទៅបានល្អ និងបង្កើនការផលិត ដែលវាជាវិធានការណ៍មួយក្នុងការប្រកួតប្រជែងប្រឆាំងនឹង ចិន ។
ជុំវិញព័ត៌មានគម្រោងកញ្ចប់ថវិកាខាងលើនេះ ត្រូវបានព្រឹទ្ធសភាអាមេរិកបដិ សេធមិនផ្ដល់ចម្លើយ ប៉ុន្តែគេបានដឹងថា ថវិកានេះគឺនឹងផ្ដល់ជំនួយទៅលើការផលិតនូវផលិតផលពាក់កណ្ដាលសម្រេច រួមនឹងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីបង្កើតមានជាបច្ចេកវិទ្យាថ្មី ។
ប្រភពពីសមាជិកសភាបានបង្ហើបឱ្យដឹងថា ព្រឹទ្ធសភាអាមេរិកគ្រោងអនុម័តលើគម្រោងកញ្ចប់ថវិកា៣០ពាន់លានដុល្លារ ដើម្បីជំរុញវិស័យបច្ចេកវិទ្យាអាមេរិកឱ្យកាន់តែខ្លាំងក្លា ដោយក្នុងនោះរួមមានទាំងការផលិតឈីបផងដែរ ព្រោះថាកន្លងមក សហរដ្ឋអាមេរិកគឺជាប្រទេសដែលឈានមុខលើបច្ចេកវិទ្យា ប៉ុន្តែបែរជាទៅប្រើប្រាស់នូវបច្ចេកវិទ្យា និងឧបករណ៍របស់ចិន ហើយបែរជាប្រកាសថា ឧបករណ៍ទាំងនោះអាចបង្កហានិភ័យដល់សន្តិសុខជាតិ ៕ ប្រភព៖ Reuters

