បុរសម្នាក់បានរងនូវការពិន័យ២លានរៀល ក្រោយអាជ្ញាធរខេត្តព្រះសីហនុរកឃើញថាមិនអនុវត្តន៍តាមវិធានការចត្តាឡីស័ក
រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការផាកពិន័យបុរសម្នាក់ មានមុខរបរជាបុគ្គលិកធ្វើការនៅសណ្ឋាគារឯកជនមួយកន្លែង នៅក្នុងក្រុងព្រះសីហនុ និងមានទីលំនៅទីតាំងនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងជាអ្នកពាក់ព័ន្ធដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ហើយត្រូវបានក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះដើម្បីធ្វើការតាមដានសុខភាព។
ប៉ុន្តែបុរសនោះ ត្រូវគេរកឃើញថា មិនបានអនុវត្តន៍តាមការណែនាំ ដោយបានចេញធ្វើដំណើរជាច្រើនកន្លែងក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី៤មីនា ឆ្នាំ២០២១។ នៅព្រឹកថ្ងៃទី៥ មីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចធ្វើការផាកពិន័យលើបុរសរូបនោះ ជាប្រាក់ចំនួន ២លានរៀល យោងតាមអនុក្រឹត្យលេខ២៧ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការចក្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។
អាជ្ញាធរខេត្តព្រះសីហនុ បានចាត់ទុការពិន័យនោះ គឺជាការព្រមាន ដល់អ្នកដែលកំពុងធ្វើចត្តាឡីស័កផ្សេងទៀត កុំឱ្យយកគំរូតាម និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការពិសេស (៣.កុំ និង៣.ការពារ) របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕