សមត្ថកិច្ចខណ្ឌបឹងកេងកង ប្រចាំការជាប់ជានិច្ច ការពារទីតាំងចត្តាឡីស័ក ជាមួយនឹងការគោរពនូវគោលការណ៍របស់ក្រសួងសុខាភិបាល

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងសណ្តាប់ធ្នាប់ បានធ្វើការប្រចាំការជាប់ជានិច្ច ២៤ម៉ោងលើ២៤ម៉ោង ការពារទីតាំងចត្តាឡីស័ក ជាមួយនឹងការគោរពនូវគោលការណ៍របស់ក្រសួងសុខាភិបាល ។

លោកស៊ឹម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានប្រាប់ទូរទស្សន៍អប្សរាឱ្យដឹងថា ដោយទទួលបានការណែនាំដ៏ខ្ពស់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការយកចិត្តទុកដាក់ពីអភិបាលរាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ និងប្រធានគណបញ្ជាការឯកភាពខណ្ឌបឹងកេងកង កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងទាំងអស់ បានត្រៀមកម្លាំងរួចជាស្រេចក្នុងការអនុវត្តនូវបទបញ្ជារបស់ថ្នាក់ដឹកនាំ ដោយបានដាក់កម្លាំងការពារ ប្រចាំការនៅតាមមណ្ឌលនិងទីតាំងដែលបានធ្វើចត្តាឡីស័ក ក្នុងមូលដ្ឋានយ៉ាងចិត្តទុកដាក់ខ្ពស់ ។

លោកអធិការបានបន្ថែមថា លោកបានបញ្ជានិងបានដាក់កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ឱ្យបានធ្វើការយាមនិងការពារគោលដៅចត្តាឡីស័កទាំងអស់ក្នុងមូលដ្ឋានឱ្យបានតឹងរឹង ជៀសវាងមានហេតុការណ៍ណាមួយកើតមានឡើង ដើម្បីធានាមិនឱ្យមានអ្នកកំពុងចត្តាឡីស័កណាលួចលាក់ចេញមកខាងក្រៅនោះឡើយ ។ ជាមួយគ្នានេះ កម្លាំងដែលនៅប្រចាំការគោលដៅទាំងអស់ក៏ទទួលបានពង្រឹងចំពោះវិធានការការពារខ្លួន ដោយបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយពាក់ម៉ាស់ជាប់ជាប្រចាំ ឧស្សាហ៍លាងដៃជាមួយជែលឬអាល់កុល និងរក្សាគម្រាតពីគ្នាបានយ៉ាងល្អ ។


លោកស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានបញ្ជាក់ថា មកដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នៅទីតាំងចត្តាឡីស័កទាំងអស់មានភាពប្រក្រតីជាធម្មតា ដោយអ្នកដែលកំពុងបានធ្វើចត្តាឡីស័ក បានសហការយ៉ាងល្អជាមួយខាងក្រសួងសុខាភិបាល និងសមត្ថកិច្ចមូលដ្ឋាន ។ លោកអធិការក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ធអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការណ៍របស់ក្រសួងសុខាភិបាល ដើម្បីបង្ការខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ ជៀសឆ្ងាយពីការចម្លងនៃជម្ងឺកូវីដ១៩ និងសូមឱ្យអ្នកកំពុងធ្វើចត្តាឡីស័កមានការអត់ធ្មត់ក្នុងស្មារតីឱ្យបានខ្ពស់បំផុត ។

សូមបញ្ជាក់ថា បន្ទាប់ពីផ្ទុះឡើងនូវព្រឹត្តិការណ៍២០កុម្ភៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ដោយបានឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវមានវិធានការឱ្យបានតឹងរឹងចំពោះវិធានការនៅតាមមណ្ឌលនិងទីតាំងចត្តាឡីស័ក ដោយនៅក្នុងរាជធានីភ្នំពេញ មានការការពារយាមកាមជាប់ជាប្រចាំ ដោយក្នុងនោះមានការគិតគូរដល់ប្រជាពលរដ្ធនិងអ្នកដែលកំពុងធ្វើចត្តាឡីស័ក ទាំងសុខភាពប្រចាំថ្ងៃ និងការគិតគូរពីការស្នាក់នៅ ផ្គត់ផ្គង់នៅការហូបចុក ដើម្បីធានាបាននូវសុខសុវត្ថិភាព ជាមួយវិធានការសុខាភិបាលយ៉ាងត្រឹមត្រូវ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner