គិតពីថ្ងៃទី១៩ ខែកុម្ភៈ មកដល់ពេលនេះ មន្ទីរពេទ្យបង្អែកដង្កោ ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនក្រុមពលរដ្ឋជួរមុខ បានជាង ១០០០នាក់ហើយ និងមិនទាន់មាននរណាម្នាក់ ប៉ះពាល់ដល់សុខភាពនោះទេ
ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ មកដល់ពេលនេះ មន្ទីរពេទ្យបង្អែកដង្កោ បានដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនក្រុមប្រជាពលរដ្ឋជួរមុខ បានជាង ១០០០នាក់ហើយ និងមិនទាន់មាននរណាម្នាក់ ប៉ះពាល់ដល់សុខភាពនោះទេ ។
លោកវេជ្ជបណ្ឌិត ឈឹម ជីវី ប្រធានមន្ទីរពេទ្យបង្អែកដង្កោ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ថា មន្ទីរពេទ្យបង្អែកដង្កោ បានចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ មកដល់ពេលនេះ បានជាង ១០០០នាក់ហើយ ដោយក្នុងនោះបានចាក់ជូនមន្ត្រីសុខាភិបាល កម្លាំងនគរបាល កម្លាំងយោធា ដូចជាកងរាជអាវុធហត្ថជាដើម ហើយជាពិសេសថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យមានការចាក់សាំងជូនដល់ក្រុមកម្មករប្រមូលសំរាម ចាប់តាំងពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ផងដែរ ។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្ត នៅមន្ទីរពេទ្យបង្អែកដង្កោក្នុងរយៈពេលនេះ ឃើញថា មិនទាន់មាននរណាម្នាក់ ប៉ះពាល់ដល់សុខភាពនោះទេ ។ លោកប្រធានមន្ទីរពេទ្យបង្អែកដង្កោ ក៏បានលើកឡើងពីលក្ខខណ្ឌនៃការទទួលបានការចាប់អារម្មណ៍ខ្លាំងការពារជំងឺកូវីដ19 ផងដែរ ។
លោកវេជ្ជបណ្ឌិត ឈឹម ជីវីក៏បានសំណូមពរដល់ក្រុមប្រជាពលរដ្ឋជួរមុខ ដែលត្រូវទទួលវ៉ាក់សាំង មានដូចជា៖ មន្ត្រីសុខាភិបាលកម្លាំងនគរបាល មន្ត្រីយោធា និងក្រុមកម្មករប្រមូលសំរាម សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានរួសរាន់ ៕ ដោយលោក វ៉េង លីមហួត, សួង ពិសិដ្ឋ, និង វណ្ណលលុក






