ពានរង្វាន់បាល់ទាត់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា គ្រោងដំណើរការប្រកួតផ្លូវការ ពេលស្ថានភាពកូវីដ-១៩ ធូរស្រាល

ពានរង្វាន់បាល់ទាត់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា គ្រោងនឹងដំណើរការប្រកួតផ្លូវការ នៅពេលដែលស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមានសភាពធូរស្រាល និងមានអនុញ្ញាតិពីរាជរដ្ឋាភិបាល ។ នេះបើយោងតាមការបញ្ជាក់ពីឯកឧតម ជុំ កុសល ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានកិត្តិយស នៃកម្មវិធី « ពានរង្វាន់បាល់ទាត់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា » បានប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរាអោយដឹង តាមប្រព័ន្ធតេឡេក្រាម នាព្រឹកថ្ងៃទី៥ ខែមិនា ឆ្នាំ២០២១នេះ ។


ឯកឧត្តម ជុំ កុសល បានអះអាងទៀតថា ពានរង្វាន់បាល់ទាត់នេះ គ្រោងរៀបចំឡើងបន្ទាប់ពីស្ថានភាពជំងឺកូវីដធូរស្រាលឡើងវិញ ដើម្បីប្រមូលនូវថវិកាសប្បុរសធម៌ស្ម័គ្រចិត្ត ពីក្រុមចូលរួមទាំងអស់ យកទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រមជាមួយការប្រកួតពាននេះ មិនគិតការចាញ់ឬឈ្នះនោះទេ តែជាការប្រកួតបង្កើននូវសាមគ្គីភាព មិត្តភាព ជាពិសេសពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហការរវាងកីឡាករ ដែលមកពីស្ថាប័នផ្សេងគ្នាអោយកាន់តែមានភាពស្និតស្នាល ក្នុងមហាគ្រួសារខ្មែរ ។ ឯកឧត្តម រដ្ឋលេខាធិការ លើកឡើងទៀតថា ពានសប្បុរសធម៌នេះ កីឡាករចូលរួមមិនបានកំណត់ អាយុនោះទេ គឺអនុញ្ញាតិអោយចូលរួមបានគ្រប់ៗគ្នា ប៉ុន្តែយើងកំណត់យកត្រឹម៨ក្រុមប៉ុណ្ណោះ ។


ឯកឧត្តម ជុំ កុសល បញ្ជាក់បន្ថែមថា ថ្វីដ្បិតពានរង្វាន់នេះ យើងកំណត់យកត្រឹម៨ក្រុមមែន ប៉ុន្តែយើងបើកទូលាយទទួលថវិកាស្ម័គ្រពីសប្បុរសជនតាមរយៈរូបភាពកីឡា ទោះច្រើនឬតិចយើងទទួលយកទាំងអស់ ដើម្បីប្រមូលថវិកាទាំងអស់យកទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។


សូមបញ្ជាក់ថា កន្លងមក ឯកឧត្តម ជុំ កុសល ទីប្រឹក្សាសម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងក្រុមការងារ រូួមទាំងកីឡាកជាច្រើនរូបទៀតតែងតែ បង្កើនពានរង្វាន់បាល់ទាត់ក្នុងមួយឆ្នាំៗ ២ទៅ៣លើក ដើម្បីបំផុសជួយលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជា ហើយរាល់ការប្រកួតពាននីមួយៗ គឺជាសកម្មភាពជួយដល់កិច្ចការសង្គម និងសប្បុរសធម៍ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner