ក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាល ដឹកនាំគណៈប្រតិភូបើក កិច្ចប្រជុំពេញអង្គនៃរដ្ឋសភា ដើម្បីការពារសេចក្តីព្រាងច្បាប់ ស្តីពីជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

រាជធានីភ្នំពេញ៖ឯកឧត្តមកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន ដឹកនាំគណៈប្រតិភូតំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំពេញអង្គ នៃរដ្ឋសភា នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩   និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នាវិមានរដ្ឋសភាជាតិ។

គួរបញ្ជាក់ថាសេចក្តីព្រាងច្បាប់នេះ មាន៦ជំពូក ១៨មាត្រា ដែលបានរៀបចំឡើង ដោយក្រសួងយុត្តិធម៌ សហការជាមួយក្រសួងសុខាភិបាល តាមអនុសាសន៍ ណែនាំ របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ស្របពេលដែលកម្ពុជាកំពុងប្រឈមការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន ចាប់តំាងពីជំងឺនេះ មានវត្តមាននៅកម្ពុជាមក។

គួរបញ្ជាក់ថានាកន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ក្នុងការទប់ស្កាត់កូវីដ-១៩ និងបញ្ចប់ប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍ឆ្លងចូលសហគមន៍ចំនួនពីរលើករួចមកហើយ គឺព្រឹត្តិការណ៍សហគមន៍៣វិចិ្ឆកា និងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ក្នុងឆ្នាំ២០២០។ ប៉ុន្តែព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ក្នុងឆ្នាំ២០២១ នេះ កំពុងមានសភាពធ្ងន់ធ្ងរ និងមានទ្រង់ទ្រាយធំជាងព្រឹត្តិការណ៍លើកមុនៗ ហើយបាន និងកំពុងបង្កការភ័យខ្លាច ភាពច្របូកច្របល់ផ្លូវចិត្ត ព្រមទាំងបណ្តាលឱ្យមានផលប៉ះពាលលើផ្នែកសុខភាពសាធារណៈ វិបត្តិសេដ្ឋកិច្ច និងសង្គមកិច្ច ។

ក្រោយពីកិច្ចប្រជុំពិភាក្សាដេញដោលឆ្លើយឆ្លងយ៉ាងផុលផុសទាំង១៨មាត្រា រវាងតំណាងរាជរដ្ឋាភិបាល និងតំណាងរាស្ត្ររួចមក សភាពេញអង្គ បានអនុម័ត្រគាំទ្រដោយសម្លេងឯកច្ឆន្ទ សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ទាំងស្រុង ដោយឥតកែប្រែ ។

ក្នុងពិធីនេះដែររដ្ឋសភាបានថ្លែងកោតសរសើរយ៉ាងក្រៃលែងចំពោះរាជរដ្ឋាភិបាលដែលបានខិតខំដាក់ចេញវិធានការនានា នាពេលកន្លងមកដោយបានទប់ស្កាត់ ឆ្លើយតបចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ធានាបាននូវកិច្ចការពារសុខុមាល ភាពប្រជាពលរដ្ឋ បញ្ហាសង្គម និងសេដ្ឋកិច្ចប្រទេសជាតិ។

សូមរំលឹកថាសេចក្តីព្រាងច្បាប់នេះ បានបង្កើតឡើងយ៉ាងឆាប់រហ័ស ស្របតាមសភាពការណ៍ជាក់ស្តែង នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីបានជាមូលដ្ឋានគតិយុត្តដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ងាយស្រួលដល់ការគ្រប់គ្រង ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅលើទឹកដី នៃ កម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត ៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner