កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង Covid-19 បំប្លែងខ្លួនថ្មីចំនួន២០ករណីបន្ថែមទៀត ធ្វើអោយចំនួនសរុបនៃការឆ្លងវីរុសប្រភេទថ្មីនេះកើនដល់១៨២ករណីហើយ
កូរ៉េខាងត្បូង៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានកត់ត្រាពីការរកឃើញអ្នកឆ្លងជំងឺ Covid-19 បំប្លែងខ្លួនថ្មីប្រមាណជាង២០ករណីនាពេលថ្មីៗនេះ ដែលនាំអោយតួលេខសរុបកើនឡើងដល់១៨២ករណីហើយ ។
ក្នុងចំណោមករណីឆ្លងជំងឺ Covid-19 បំប្លែងខ្លួនថ្មីទាំង២០ករណីដែលត្រូវបានរកឃើញចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅនេះ ក្នុងនោះមាន១១ករណីជាករណីនាំចូល ខណៈដែល៩ករណីទៀតជាករណីឆ្លងក្នុងស្រុក ។ ហើយបើបូកបញ្ចូលគ្នានោះឃើញថា ១៥៤ករណីជាករណីឆ្លងជំងឺ Covid-19 បំប្លែងខ្លួនថ្មីមានប្រភពនៅចក្រភពអង់គ្លេស, ២១ករណីជាករណីឆ្លងជំងឺ Covid-19 បំប្លែងខ្លួនថ្មីមានប្រភពនៅអាហ្វ្រិកខាងត្បូង និង៧ករណីទៀតជាករណីឆ្លងជំងឺ Covid-19 បំប្លែងខ្លួនថ្មីមានប្រភពនៅប្រេស៊ីល ។ ជំងឺ Covid-19 បំប្លែងខ្លួនថ្មីទាំងបីប្រភេទនេះ ត្រូវបានគេជឿជាក់ថា អាចឆ្លងលឿនជាងជំងឺ Covid-19 ដែលត្រូវបានរកឃើញដំបូងទៅទៀត ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ ខែមីនានេះ នៅទូទាំងប្រទេសកូរ៉េខាងត្បូងមានចំនួនអ្នកឆ្លង Covid-19 សរុប៩ម៉ឺន៣ពាន់២៦៣ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន១ពាន់៦៤៥នាក់ និងជាសះស្បើយឡើងវិញ៨ម៉ឺន៣ពាន់៩រយនាក់ ៕ ប្រភព៖ ស៊ីនហួរ


