អភិបាលរាជធានី ប្រជុំបន្ទាន់ជាមួយតំណាងក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃដើម្បីមានវិធានការតឹងរឹងជាថ្មីទៀតជុំវិញការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩
ភ្នំពេញ ៖ ជនបរទេសដែលរស់នៅក្នុងរាជធានីភ្នំពេញនិងម្ចាស់ទីតាំងអាជីវកម្មដ្ឋាននានានិងប្រឈមមុខនឹងមានទោសទណ្ឌ នៅពេលដែរពួកគេ មិនអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយមិនសហការជាមួយអាជ្ញាធរនិងក្រសួងពាក់ព័ន្ធពាក់ព័ន្ធ ជុំវិញវិធានការការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រោយពីច្បាប់នេះត្រូវបានព្រឹទ្ធសភាអនុម័តរួចរាល់។
នេះបើតាមការបញ្ជាក់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយតំណាងក្រសួងសុខាភិបាលនិងក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី០៩ខែមិនាឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញ ដើម្បីមានវិធានការតឹងរឹងជាថ្មីទៀតជុំវិញការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថាកន្លងមកនេះយើងមិនមានបទពិសោធន៍ទេទៅលើវិធាននៃ ការបង្ការទប់ស្កាត់នូវជំងឺ-១៩ ដោយសារជំងឺនេះជាជំងឺថ្មី ហើយយើងក៏ជាអ្នកអនុវត្តការងារនេះថ្មីដែរ ។ ប៉ុន្តែទោះបីយ៉ាងណាក្តី ដោយសារតែយើងសហការរួមគ្នាជាមួយនឹងកម្លាំងពាក់ព័ន្ធទាំងអស់បានល្អ យើងទទួលបានជោគជ័យមួយចំនួនធំ ។តែការងារនេះយើងត្រូវតែបន្តការសហការគ្នាថែមទៀត ដើម្បីជំរុញឲ្យការបង្ការទប់ស្កាត់ជំងឺ covid -19 ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះទទួលបានជោគជ័យ ។
ឯឧ អភិបាលបន្តថា ចំពោះការងារចំពោះមុខ គឺការពង្រឹងវិធានការទប់ស្កាត់ឲ្យបានរឹងមាំបំផុត នោះគឺជនបរទេស ម្ចាស់ទីតាំងអាជីវកម្មនានា បើមិនសហការ និងមិនអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលទេ អ្នកទាំងនោះ ប្រឈមនឹងមានទោសទណ្ឌ នៅេពេលដែរច្បាប់ថ្មីនេះត្រូវបានព្រឹទ្ធសភាធ្វើការអនុម័តរួចរាល់។
ក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក៏បានលើកឡើងផងដែរថា ចំពោះម្ចាស់អាជីវកម្មដ្ឋាននានា ដែលមិនអនុវត្តតាមការណែនាំរបស់ម្មក្រសួងសុខាភិបាលនឹងប្រឈមនឹងការបិទអាជីវកម្មរហូតតែម្តង ។ ចំពោះការអន្តរាគមន៍នានាពាក់ព័ន្ធនឹងការទប់ស្កាត់នូវជំងឺកូវីដ-១៩ គឺមិនអនុញ្ញាតឲ្យមានជាដាច់ខាត។
ឯឧអភិបាលរងក៏បានបញ្ជាក់ផងដែរថា តាមអនុសាសន៍របស់សម្ដេចតេជោហ៊ុន សែន គឺសម្ដេចបានជំរុញឲ្យព្រឹទ្ធសភាអនុម័តច្បាប់ ពាក់ព័ន្ធនឹងកូវីដ-១៩នេះឲ្យបានលឿន ដើម្បីយើងយកច្បាប់នេះមកអនុវត្តអោយមានប្រសិទ្ធភាពនិងមិនមានចន្លោះប្រហោង។ នៅពេលយើងមិនទាន់មានច្បាប់នេះយើងពិតជាពិបាកនឹងអនុវត្តការងារ តែបើសិនជាច្បាប់នេះត្រូវបានអនុម័តពីព្រឹទ្ធសភាហើយនោះ ក្រុមការងារដែលអនុវត្តលើការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះ នឹងមានភាពងាយស្រួល ដោយយើងអនុវត្តទៅតាមច្បាប់ដែលបានអនុម័តរួច៕