បុរស២នាក់ ប្រេីប្រាស់កាំភ្លេីងបាញ់សត្វភ្លាត់ស្នៀតគ្រាប់ផ្លាតត្រូវចំក្មេង បណ្តាលឲ្យស្លាប់នោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការហើយ

ភ្នំពេញ៖ បុរស២នាក់ ក្នុងនោះមានមន្ត្រីយោធាម្នាក់ ជាជនដៃដល់បាញ់សត្វលលក ហើយបានភ្លាត់ស្នៀតគ្រាប់ផ្លាត បណ្តាលឲ្យត្រូវចំក្បាលក្មេងប្រុសកំព្រាម្នាក់ស្លាប់នោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌកំបូល បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួរ និងឈានទៅចោទប្រកាន់តាមផ្លូវច្បាប់នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ។

សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍បាញ់ចាប និងលលក ដែលបណ្តាលឲ្យត្រូវក្មេងប្រុសកំព្រាស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣៥នាទី ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចដីវាល ស្ថិតនៅក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្មេងប្រុសបាត់បង់ជីវិតមានឈ្មោះ សារឿន ប៊ុនថា មានអាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៨ នៃអនុវិទ្យាល័យបែកចាន ស្នាក់នៅក្នុងមណ្ឌលអង្គារ «សង្គ្រោះជនអស់សង្ឃឹម» ត្រូវគ្រាប់កាំភ្លើង១គ្រាប់ ចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗគួរឲ្យអាសូរណាស់។

ជនសង្ស័យទាំង២នាក់ទី១- ឈ្មោះ ទុត សុគន្ធារ៉ា អាយុ៤១ឆ្នាំ មុខរបរយោធា ស្នាក់នៅភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទី២-ឈ្មោះ ទុត សុគន្ធរ៉ាវ័ន្ត អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិ៨ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាន បានបង្ហើបឲ្យដឹងថា នៅពេលដែលបញ្ជូនជនសង្ស័យទាំង២នាក់ ទៅដល់តុលាការនៅព្រឹកថ្ងៃទី៩ ខែមីនានេះ គេសង្កេតឃើញមានអ្នករត់ការជាច្រើននាក់ អមដំណើរដោយរថយន្តស៊េរីទំនើបៗ មកជួយធ្វើអន្តរាគមន៍ ក្នុងគោលបំណងឲ្យមានការដោះលែងជនសង្ស័យទាំង២នាក់នេះ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះកំពុងឈរលេងជាមួយក្មេងៗ ៣នាក់ទៀតនៅកន្លែងកើតហេតុ ខណៈនោះស្រាប់តែឮស្នូរកាំភ្លើង១គ្រាប់ផ្ទុះឡើងនៅជិតនោះ បណ្ដាលឲ្យត្រូវក្មេងប្រុសរងគ្រោះចំក្បាលដួលស្លាប់ភ្លាមៗតែម្ដង ទើបមានការជ្រួលច្របល់ ហើយពេលនោះ ក៏មានគ្រាប់កាំភ្លើងចំនួន៣គ្រាប់ផ្ទួនៗគ្នាទៀតហោះទៅធ្លាក់នៅកន្លែងកើតហេតុនោះទៀត ប៉ុន្តែពុំបានបណ្ដាលឲ្យត្រូវក្មេងប្រុសផ្សេងទៀតដែលនៅជិតនោះទេ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ ព្រមទាំងប្រជាការពារខណ្ឌកំបូល បានចុះទៅធ្វើអន្តរាគមន៍ ហើយបានប្រទះឃើញជនសង្ស័យ២នាក់ ជិះរថយន្តម៉ាក Ssangyong REXTON ពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទ 02-0282 គួរឲ្យយសង្ស័យ ក៏បានឃាត់ត្រួតពិនិត្យ។ ខណៈនោះកម្លាំងចម្រុះបានរកឃើញកាំភ្លើងវែងស៊េរីទំនើប១ដើមក្នុងរថយន្ត។ ពេលសមត្ថកិច្ចសាកសួរទៅជនសង្ស័យនិយាយថា ខ្លួនបាញ់សត្វទៅខាងណោះសោះហេតុដូចម្ដេចទៅត្រូវក្មេងប្រុសរងគ្រោះទៅវិញ ហើយសមត្ថកិច្ច ក៏បានរកឃើញសត្វលលក១ក្បាលងាប់ ដោយសារត្រូវគ្រាប់កាំភ្លើងផងដែរ៕ ដោយ/ ឆៃហួត និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner