បងប្អូនពលករខ្មែរមកពីខេត្តបន្ទាយមានជ័យ ជាង៣០០នាក់ ដែលបានធ្វើចត្តាឡីស័ក​នៅ​មណ្ឌលតាមព្រំដែន ត្រូវបានដឹកជញ្ជូនមក​ដល់មណ្ឌលចត្តាឡីស័កនៅខេត្តសៀមរាប

អត្ថបទដោយ៖
ជា សេឌី

លោកជំទាវ យូ សុភា អភិបាលរងខេត្តសៀមរាប កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១   បានដឹកនាំក្រុមការងារទៅសម្របសម្រួល និង ដឹកជញ្ជូនបងប្អូនពលករមកពីក្រៅប្រទេស កំពុងធ្វើចត្តាឡីស័តនៅតាមមណ្ឌលខេត្តបន្ទាយមានជ័យ សរុប៣២៤នាក់ ក្នុងនោះស្រីចំនួន១៣៨នាក់ តាមរថយន្តយោធាចំនួន១៧គ្រឿង និងមកពីច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ឆ្ពោះមកកាន់មណ្ឌលចត្តាឡីស័កនៅសាលាបឋមសិក្សាអនុវត្តគរុកោសល្យខេត្តសៀមរាប បន្ទាប់ពីការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានសម្រេចបិទការធ្វើចត្តាឡីស័កនៅតាមព្រំដែនសម្រាប់អ្នកដែលមានសុខភាពធម្មតា ។

តាមបណ្ដាញទំនាក់ទំនងសង្គម « ហ្វេសប៊ុក » ផ្លូវការរបស់ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី០៩ខែមីនា ឆ្នាំ២០២១ ឯកឧត្ដមបានសរសេរថា    ក្នុងនាមថ្នាក់ដឹកនាំខេត្ត ខ្ញុំបាទសូមទទូច និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ , ៣កុំ ចូលរួម ស្កេនQRCode ឲ្យបានខ្ជាប់ខ្ជួន និងចូលរួមស្ម័គ្រចិត្តយកសំណាក ក្នុងករណីបងប្អូនទើបតែមក ឬពាក់ព័ន្ធនឹងកន្លែងដែលមានហានិភ័យ ដែលក្រសួងសុខាភិបាល បានប្រកាសកន្លងមក  ក្នុងនោះសូមម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន ហាងទំនិញ ផ្សារ សូមចុះឈ្មោះស្នើសុំ QR Code ដើម្បីចូលរួមចំណែក បង្ការ ទប់ស្កាត់ និង ងាយស្រួលស្រាវរកអ្នកមានពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ។

តាមការបញ្ជាក់របស់លោកជំទាវ យូ សុភា បានឲ្យដឹងថា ចាប់ពីថ្ងៃទី០៧ មកដល់ថ្ងៃទី០៩ មីនានេះ បងប្អូនពលករដែលបាន មកក្រៅប្រទេស ហើយបានធ្វើចត្តាឡីស័កនៅតាមព្រំដែន នៅខេត្តបន្ទាយមានជ័យ , ខេត្តឧត្តរមានជ័យ , បាត់ដំបង និង ខេត្តប៉ៃលិន បានចូលមកកាន់មណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាអនុវត្តគរុកោសល្យខេត្តសៀមរាប មានចំនួន៧២៥នាក់ ស្រី ៣០១នាក់ ។ ជាក់ស្តែងនៅថ្ងៃទី០៩ មីនានេះ ៣២៤នាក់ ស្រី១៣៨នាក់ មកពីខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ចំនួន១៧រថយន្ត និង មកពីខេត្តឧត្តរមានជ័យ ០៤រថយន្ត ដឹកដោយកងពលតូចដឹកជញ្ជូនលេខ៩៩ ។ លោកជំទាវក៏បានបញ្ជាក់ថា បងប្អូនដែលបានចូលមក ដល់មណ្ឌលចត្តាឡីស័កមួយចំនួនបានធ្វើការយកសំណាកបានម្តងមកហើយ និងមួយចំនួនបានបំពេញទៅតាមការកំណត់របស់ក្រសួងសុខាភិបាលរយៈពេល១៤ថ្ងៃ មួយចំនួនដែលមិនទាន់គ្រប់ក៏ត្រូវបានបន្តធ្វើចត្តាឡីស័កនៅតាមបណ្តាក្រុង ស្រុក ក្រោយពេល យកសំណាកបានគ្រប់ចំនួន ។ ជាក់ស្តែងផងដែរ បងប្អូនដែលបានធ្វើចត្តាឡីស័កបានគ្រប់ចំនួន និង អ្នកបានយកសំណាកបានគ្រប់ តាមការកំណត់ ក៏ត្រូវបានបញ្ជូនឲ្យទៅបន្តធ្វើចត្តាឡីស័កនៅតាមក្រុង ស្រុករបស់ខ្លួនផងដែរ ។ ក្នុងនោះដែរលោកជំទាវ ក៏បានលើក ផងដែរ អំពីបញ្ហាប្រឈមមួយចំនួន ក្នុងការផ្គត់ផ្គង់ដល់ពលករ ដោយរយៈពេលកន្លងមករាជរដ្ឋាភិបាលបានផ្តល់ថវិកាទ្រទ្រង់តែតាម បណ្តាខេត្តជួរមុខ តែពេលនេះ ពលករដែលមកពីក្រៅប្រទេស មានចំនួនច្រើនលើសលប់ ដែលធ្វើឲ្យការផ្គត់ផ្គង់អាហារមិនបានទាន់ពេលវេលា ធ្វើឲ្យបងប្អូនពលករមានការរអ៊ូរទាំ សំខាន់កុមារតូចៗ ស្រែកយំទារកអាហារ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner