គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យសម្រេចការសុំដាក់សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩
ភ្នំពេញ៖ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចលើ សំណើរបស់គណៈកម្មការទី៨ សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និង ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៤ ។
របៀបវារៈសំខាន់មួយទៀត ក្នុងកិច្ចប្រជុំនេះ គឺកំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធ សភា ជាវិសាមញ្ញ នីតិកាលទី៤។
ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី « វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត »។
សេចក្តីព្រាងច្បាប់ធ្វើឡើងក្នុងគោលបំណង កំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀត ដែលត្រូវអនុវត្ត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះ ថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងកម្ពុជា។
សេចក្តីព្រាងច្បាប់នេះ មានចំនួន៦ជំពូក និង១៧មាត្រា។ គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់នេះ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយរដ្ឋសភា បានអនុម័តកាលពីថ្ងៃទី០៥ ខែមីនា កន្លងទៅនេះ។
