អ្នកសេដ្ឋកិច្ចព្យាករណ៍កំណើនផលិតផលក្នុងស្រុក GDP ថ្មីរបស់សិង្ហបុរីកើនបាន 5.8 ភាគរយសម្រាប់ឆ្នាំនេះ
បរទេស៖ក្រុមអ្នកសេដ្ឋកិច្ចវិទូនៅថ្ងៃពុធនេះបានធ្វើការព្យាករណ៍សាជាថ្មីចំពោះកំណើនផលិតផលក្នុងស្រុកសរុប ឬ GDP របស់សិង្ហបុរីសម្រាប់ឆ្នាំនេះដែលមានទំហំធំជាងមុនដោយសារកត្តារីកចំរើនខ្លាំង ជាពិសេសៃគឺវិស័យផលិតកម្ម និងហិរញ្ញវត្ថុ។
យោងតាមការធ្វើស្រាវជ្រាវដែលធ្វើឡើងដោយអជ្ញាធរជាតិរូបិយវត្ថុនៃប្រទេសសិង្ហបុរី ឬ MAS ជាមួយនឹងក្រុមអ្នកជំនាញសេដ្ឋកិច្ចចំនួន 24 រូបបានបង្ហាញថាផលិតផលក្នុងស្រុកសរុប ឬ GDP របស់ប្រទេសនឹងអាចកើនឡើងរហូតទៅដល់ 5.8 ភាគរយនៅក្នុងឆ្នាំ 2021 នេះធៀបទៅនឹងការរំពឹងទុកដែលធ្លាប់បានធ្វើឡើងកាលពីខែធ្នូដែលមានត្រឹមតែ 5.5 ភាគរយ។
ការមើលឃើញរបស់ក្រុមសេដ្ឋវិទូក៏បានធ្វើឡើងដោយសារតែភាពប្រសើរឡើងវិញនៃទីផ្សារការងារផងដែរដោយក្នុងនោះតួលេខបានបង្ហាញថាអត្រាមានការងារធ្វើគឺនឹងបង្កើនល្បឿនទៅដល់កម្រិតទាបជាង 2.9 ភាគរយនៅត្រឹមដំណាច់ឆ្នាំនេះដែលទំហំនេះមានកម្រិតទាបជាងការរំពឹងទុកលើកមុនដែលមានរហូតទៅដល់3 ភាគរយ។
ដោយឡែកចំពោះវិស័យសំណង់អគារវិញគឺនៅតែរំពឹងទុកថានឹងមានងើបឡើងវិញផងដែរដោយក្រុមសេដ្ឋកិច្ចបានរំពឹងទុកថាវានឹងមានការកើនឡើងក្នុងអត្រា22.5 ភាគរយក្នុងឆ្នាំ 2021 ធៀបទៅនឹងការព្យាករណ៍ទុកដំបូងដែលមានទៅដល់ 29 ភាគរយខណៈដែលពាណិជ្ជកម្មជួញដូរដុំនិងការលក់រាយវិញត្រូវបានគេព្យាករណ៍ថាកើនឡើង 4.5 ភាគរយតិចជាងបន្តិចការព្យាករណ៍លើកមុនដែលមានទៅដល់ 5 ភាគរយ។
មានការប្រែប្រួលមួយចំនួនទៀតទៅលើវិស័យជាច្រើនរបស់សិង្ហបុរីរវាងការព្យាករណ៍ថ្មីនិងការព្យាករណ៍ចាស់ប៉ុន្តែបើនិយាយពីការនាំចេញមិនមែនប្រេងវិញគឺត្រូវបានគេព្យាករណ៍ទុកថានឹងកើនឡើង 6.9 ភាគរយច្រើនជាងការព្យាករណ៍ទុកលើកមុនដែលមានត្រឹមតែ 4 ភាគរយ។ជាចុងក្រោយក្រុមអ្នកសេដ្ឋកិច្ចវិទូទាំងនោះក៏បានទស្សទាយដែរថាសេដ្ឋកិច្ចរបស់សិង្ហបុរីសម្រាប់ឆ្នាំ 2022 នឹងមានការកើនឡើងប្រមាណជា 3.8 ភាគរយផងដែរ៕