ឃាត់ខ្លួនមនុស្ស២នាក់ ជាបុគ្គលិកណាហ្គាវើលដ៍ តាមរយ:ការស្គេន QR Code ក្រោយលួចចេញពីកន្លែងចត្តាឡីស័កនៅផ្ទះ ហើយទៅផ្សារបឹងកេងកង

អត្ថបទដោយ៖
ធី ដា

បុគ្គលិកបម្រើការងារនៅណាហ្គាវើលដ៍២នាក់ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញឃាត់ខ្លួន កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១បន្ទាប់ពីពួកគេបានគេចវេសពីកន្លែងធ្វើចត្តាឡីស័កនៅនឹងផ្ទះរបស់ខ្លួន រួចហើយធ្វើដំណើរទៅផ្សារបឹងកេងកង ប៉ុន្តែនៅពេលដែលពួកគេបានស្គេន QR Code នោះបានលោតពណ៌លឿងដែលមានន័យថា និងសំដៅទៅលើបុគ្គលដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកកើតកូវីដ១៩។

បុគ្គលទាំង២នាក់ រួមមាន៖ឈ្មោះ ហែម ម៉ារីម៉ុច ភេទស្រី អាយុ៣០ឆ្នាំ និង ឈ្មោះ លី ហេង ភេទប្រុស អាយុ១៩ឆ្នាំ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានថ្លែងកាលពីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ថា ក្រោយពីទទួលបានព័ត៌មាន បានបញ្ជាឲ្យនាំខ្លួនស្ត្រី និងបុរសទាំងពីរនាក់ ទៅធ្វើចត្តាឡីស័កឡើងវិញ ដែលអាជ្ញាធររៀបចំនៅវិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី នៅក្នុងខណ្ឌសែនសុខ។ លោកបានបន្តទៀតថា ចំពោះទង្វើរបស់ពួកគេទាំង២នាក់នេះ នឹងត្រូវទទួលរងការផាកពិន័យ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលបានចែងពាក់ព័ន្ធទៅនឹងអ្នកគេចវេស។

សូមបញ្ជាក់ថា នេះគឺជាករណីទីមួយហើយនៅក្នុងរាជធានីភ្នំពេញ ដែលអាជ្ញាធរបានចាត់វិធានការ និងឃាត់ខ្លួនអ្នកដែលគេចវេសពីធ្វើចត្តាឡីស័ក នៅនឹងផ្ទះរបស់ខ្លួនហើយ ដើរចេញទៅក្រៅដោយពុំមានការអនុញ្ញាត។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានអំពាវនាវចំពោះអ្នកដែលធ្វើចត្តាឡីស័កនៅនឹងផ្ទះរបស់ខ្លួន សូមមេត្តាចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពកុំឲ្យគេចចេញពីចត្តាឡីស័កដែលនាំឲ្យប៉ះពាល់ និងនាំឲ្យមានការឆ្លងទៅអ្នកដទៃបើសិនជាខ្លួនកើតកូវីដ១៩មែននោះ ហើយអាជ្ញាធររាជធានីភ្នំពេញ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលកាន់តែខ្លាំងកូវីដ១៩។

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំមួយកាលពីថ្ងៃទី៩ខែមីនាឆ្នាំ២០២១ ស្តីពីការរឹតបន្តឹង ការអនុវត្តវិធានការចត្តាឡីស័កនៅតាមទីតាំងឯកជន ដែលជាប់ពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ក្នុងរាជធានីភ្នំពេញ ក្នុងនោះបុគ្គលដែលគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក នឹងត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១លាន ដល់ ៥លានរៀល។

ជាមួយគ្នានេះ ដើម្បីជំរុញ និងគាំទ្រដល់ការអនុវត្តវិធានការចត្តាឡីស័ក ឱ្យកាន់តែមានប្រសិទ្ធភាព ផ្អែកតាម គោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបើកកិច្ចប្រជុំរួមគ្នា និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង QR Code «ទប់ស្កាត់កូវីដ Stop Covid» តាមបណ្តាអង្គភាពរដ្ឋ និង អាជីវកម្មដ្ឋានក្នុងរាជធានីភ្នំពេញ ដែលនេះគឺជាផ្នែកមួយចូលរួមបង្ការ-ទប់ស្កាត់ការរីករាលជាសកលជំងឺកូវីដ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner