៣ក្រុមបន្តរកបាន៣ពិន្ទុ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត គឺក្រុមខេត្តត្បូងឃ្មុំ, កំពង់ឆ្នាំង និងសូហ្វីយ៉ាប៉ៃលិន

ការប្រកួតសន្សំពិន្ទុវិលជុំក្នុងពូលថ្នាក់ខេត្ត សប្តាហ៍ទី៤ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៥ កាលពីល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដែលមាន៣ប្រកួតនោះ គឺក្រុមមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ, មន្ទីរអប់រំយុជន និងកីឡាខេត្តកំពង់ឆ្នាំង និងក្រុមសូហ្វីយ៉ាប៉ៃលិន សុទ្ធតែ ស្វែង រកបាន៣ពិន្ទុដូចគ្នា បន្ទាប់ពីបានយកយកឈ្នះលើគ្រូប្រកួតរៀងៗ ។

៣ក្រុមដែលរកបាន៣ពិន្ទុនេះ រួមមាន៖ ក្រុមភ្ញៀវ មន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ បាន យកឈ្នះក្រុមម្ចាស់ផ្ទះ អធិរាជដំរីឦសានខេត្តរតនគីរី ដោយលទ្ធផល ៧ៈ១ , ក្រុមភ្ញៀវ មន្ទីរអប់រំ យុជន និងកីឡាខេត្តកំពង់ឆ្នាំង បានប្រកួតឈ្នះក្រុមម្ចាស់ផ្ទះ រដ្ឋបាលខេត្តតាកែវ ដោយលទ្ធផល ៤ៈ១ ខណៈម្ចាស់ផ្ទះ សូហ្វីយ៉ាប៉ៃលិនបានយកឈ្នះ ក្រុមសហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តពោធិ៍សាត់ ដោយលទ្ធផល ៥ៈ២ ។

គិតមកត្រឹមសប្តាហ៍ទី៤ ក្រុមខេត្តត្បូងឃ្មុំ ឆ្លងកាត់៣ប្រកួត ឈ្នះទាំង៣ប្រកួត មាន៩ពិន្ទុ ឈរកំពូលតារាង ក្នុងពូលច ខណៈ៤ប្រកួតរបស់ខេត្តកំពង់ឆ្នាំង ឈ្នះ២ ស្មើ១ និងចាញ់១ មាន៧ពិន្ទុ ឈរនៅលេខ២បណ្តោះអាសន្ន ក្នុងពូលក ស្របពេលដែល៤ប្រកួតរបស់សូហ្វីយ៉ាប៉ៃលិន ឈ្នះ២ ស្មើ១ និងចាញ់១ មាន៧ពិន្ទុ ឈរនៅលេខ២ ក្នុងពូលខ ។

គិតមកដល់ពេលនេះ ការប្រកួតមួយចំនួនត្រូវបានលើកពេលជាបន្តបន្ទាប់ ហើយកម្មវិធីដែលបានគ្រោងទុក ក្នុង១សប្តាហ៍នោះ មាន៩ប្រកួតនោះលេងបានត្រឹមតែ៦ប្រកួតប៉ុណ្ណោះ ដោយត្រូវបន្តការប្រកួត នៅពេលខាងមុខជាបន្តបន្ទាប់ ដោយការលើកពេលប្រកួតនេះ ដោយសារស្ថានភាពជំងឺកូវីដ-១៩ ជាពិសេសគឺព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ នៅតែបង្កផលប៉ះពាល់យ៉ាងខ្លាំង ៕
