ក្រសួងប្រៃសណីយ៍ ព្រមានដល់ ម្ចាស់អាជីវកម្មក្នុងវិស័យប្រៃសណីយ៍គ្រប់រូប តម្រូវឱ្យមានអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតត្រឹមត្រូវ

អត្ថបទដោយ៖
ធី ដា

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញ សេចក្តីជូនដំណឹង ក៏ដូចជាសារព្រមានមួយ ដល់ម្ចាស់អាជីវកម្មក្នុងវិស័យប្រៃសណីយ៍ ឱ្យបញ្ឈប់ការធ្វើអាជីវកម្ម ដោយគ្មានអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតជាដាច់ខាតក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។

យោងតាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី១០ខែមីនាក្រសួងប្រៃសណីយ៍ បានឱ្យដឹងថាបើ អនុលោមតាមច្បាប់ស្តីពីវិស័យប្រៃសណីយ៍ និងលិខិតបទដ្ឋាននានា អាជីវកម្មប្រៃសណីយ៍គ្រប់ប្រភេទ ក្នុងប្រទេសកម្ពុជាត្រូវស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ម្ចាស់អាជីវកម្ម ក្នុងវិស័យប្រៃសណីយ៍គ្រប់រូបតម្រូវឱ្យមានអាជ្ញាបណ្ណ និងលិខិតអនុញ្ញាត ជាដាច់ខាតដើម្បីប្រកបអាជីវកម្ម។

នាពេលកន្លងទៅ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានសង្កេតឃើញថា ម្ចាស់អាជីវកម្មមួយចំនួននៅមិនទាន់គោរពបាននូវលក្ខខណ្ឌនៃអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតគ្រប់ជ្រុងជ្រោយនៅឡើយ។ ម្ចាស់អាជីវកម្មខ្លះ កំពុងប្រកបអាជីវកម្មរបស់ខ្លួនដោយគ្មានអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតមានសុពលភាពពី បសណីយ៍និង ទូរគមនាគមន៍ ដែលទង្វើនេះផ្ទុយទៅនឹងបទប្បញ្ញត្តិនៃមាត្រា២៤ និងមាត្រា៤៨ នៃច្បាប់ស្តីពីវិស័យប្រៃសណីយ៍។
ជាមួយគ្នានេះក្រសួងប្រៃសណីយ៍បានបញ្ជាក់ដែរថា “ម្ចាស់អាជីវកម្មដែលគ្មានអាជ្ញាបណ្ណអាចនឹងត្រូវបញ្ឈប់អាជីវកម្មដោយបន្ទាន់ និងត្រូវពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ដល់ ១០.០០០.០០០ (ដប់លាន)រៀល។ ករណីមិនរាងចាលនឹងត្រូវបញ្ជូនសំណុំរឿងទៅតុលាការ” ។

ក្រសួងថា ក្នុងគោលដៅជំរុញឱ្យការគ្រប់គ្រងវិស័យប្រៃសណីយ៍ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សណ្តាប់ធ្នាប់ និងការពារបាននូវផលប្រយោជន៍អ្នកប្រើប្រាស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជូនដំណឹងដល់ម្ចាស់អាជីវកម្ម ដែលកំពុងធ្វើប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ទាំងអស់ចូលរួមសហការដូចខាងក្រោម៖១. ចំពោះម្ចាស់អាជីវកម្ម ដែលពុំទាន់មានអាជ្ញាបណ្ណសម្រាប់ស្នាក់ការកណ្តាល និងលិខិតអនុញ្ញាតឱ្យ បើកសាខាដែលមានទីតាំងនៅរាជធានីភ្នំពេញ ត្រូវស្នើសុំមកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ២. ចំពោះម្ចាស់អាជីវកម្ម ដែលពុំទាន់មានលិខិតអនុញ្ញាតឱ្យបើកសាខាដែលមានទីតាំងតាមបណ្តាខេត្ត ត្រូវស្នើសុំមកកាន់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត ដែលសាខានោះតាំងនៅ។

ម្ចាស់អាជីវកម្មដែលមិនទាន់បានបំពេញតាមបទប្បញ្ញត្តិខាងលើ ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ និង/ឬលិខិតអនុញ្ញាត យ៉ាងយូរបំផុតឱ្យបានត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ជាកំហិត៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner