អ្នកជំនាញកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាទំនងជាស្ថិតនៅក្រោយឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ
បរទេស៖ អ្នកជំនាញកំពូលរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំប្រទេសមីយ៉ាន់ម៉ា លោក ថូម៉ាស អេនឌ្រូ (Thomas Andrew) បាននិយាយថា យោធាមីយ៉ាន់ម៉ាទំនងជាបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ក្នុងការប៉ុនប៉ងបន្តកាន់កាប់អំណាច ហើយថា យ៉ាងហោចណាស់មានមនុស្ស៧០នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់ ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈកន្លងទៅ ។
អ្នកជំនាញកំពូលផ្នែកសិទ្ធិមនុស្សរូបនេះ បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា ប្រទេសមីយ៉ាន់ម៉ាត្រូវបានគ្រប់គ្រងដោយរបបឃាតករខុសច្បាប់ ដែលទំនងជាប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ។ លោក អេនឌ្រូ បន្ថែមទៀតថា ឧក្រិដ្ឋកម្មទាំងនេះ ទំនងជារួមមាន អំពើឃាតកម្ម, ការបាត់ខ្លួនទាំងបង្ខំ, ការធ្វើទុក្ខបុកម្នេញ និង ការធ្វើទារុណកម្មដែលត្រូវបានអនុវត្តតាមបញ្ជារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ រួមទាំងមេដឹកនាំយោធា លោក មីង អោង ហ្លេង ។
ទន្ទឹមនឹងការសង្កត់ធ្ងន់ថា បទល្មើសបែបនេះ អាចត្រូវបានកំណត់តែនៅក្នុងតុលាការនោះ លោក អេនឌ្រូ ក៏បានអះអាងដែរថា មានភស្តុតាងច្បាស់លាស់ដែលថា ឧក្រិដ្ឋកម្មរបស់យោធាកំពុងរីករាលដាល និងជាផ្នែកមួយ នៃយុទ្ធនាការដែលមានការសម្របសម្រួល ៕ ប្រភព៖ AFP



