ទីបំផុតលោក ចូ បៃដិន ចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ នៃកញ្ចប់ថវិកាសង្គ្រោះ១,៩ទ្រីលានដុល្លារ ដើម្បីអោយក្លាយទៅជាច្បាប់ជាផ្លូវការហើយ
អាមេរិក៖ ប៉ុន្មានម៉ោងក្រោយចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ នៃកញ្ចប់ថវិកាសង្រ្គោះទំហំ១,៩ទ្រីលានដុល្លារ ដើម្បីឱ្យវាក្លាយទៅជាច្បាប់ជាផ្លួវការនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកប្រធានាធិបតី ចូ បៃដិន គ្រោងនឹងថ្លែងសុន្ទករថាមួយតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃសុក្រនេះតាមកញ្ចក់ទូរទស្សន៍ ដើម្បីប្រកាសពីការបង្កើនល្បឿនចាក់វ៉ាក់សាំង សំដៅធ្វើឱ្យសហរដ្ឋអាមេរិកត្រឡប់ទៅស្ថានភាពប្រក្រតីឡើងវិញនៅត្រឹមថ្ងៃទី០៤ ខែកក្កដាខាងមុខនេះ ។
លោក ចូ បៃដិន បានថ្លែងមុនពេលចុះហត្ថលេខាថា ច្បាប់ជាប្រវត្តិសាស្ត្រនេះ គឺនិយាយអំពីការកសាងឆ្អឹងខ្នងរបស់សហរដ្ឋអាមេរិកឡើងវិញ និងផ្តល់ឱ្យប្រជាជននៅក្នុងប្រទេសនេះ ពោលគឺអ្នកធ្វើការ, មនុស្សវណ្ណៈកណ្តាល និងមនុស្សដែលកសាងប្រទេសនេះនូវឱកាសតស៊ូ ។
សូមជម្រាបថា កញ្ចប់ថវិកាសង្រ្គោះទំហំ១.៩ទ្រីលានដុល្លារ ដែលត្រូវបានសភាទាំងពីររបស់សហរដ្ឋអាមេរិកអនុម័តរួចដែរនោះ គឺជាកញ្ចប់ថវិកាសង្រ្គោះដែលមានទំហំធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក ហើយវាក៏ជាជ័យជម្នះធំធេងមួយជាលើកដំបូងសម្រាប់លោក បៃដិន ចាប់តាំងពីលោកបានឡើងកាន់អំណាច កាលពីខែមករាមកផងដែរ ៕ ប្រភព៖ Reuters

