រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមដី១០ហិកតា ដើម្បីធ្វើឡបូជាសពអ្នកកើតជំងឺកូវីដ-១៩ នៅស្រុកឱវ៉ាល់ ខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ ក្រោយទទួលបានការណែនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឲ្យរដ្ឋបាលរាជធានីភ្នំពេញ រកទីតាំង និងរៀបចំបង្កើតឡសម្រាប់បូជាសព អ្នកកើតកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំជាស្រេចនូវផ្ទៃដី ប្រមាណ១០ហិកតា និងឡបច្ចេកទេសស្តង់ដារ ហើយបាននិងកំពុងមមាញឹកឈូសឆាយសាងសង់ទាំងយប់ទាំងថ្ងៃ។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ចំពោះមុខក្រោយពីទទួលបាន បទបញ្ជារបស់ សម្ដេចតេជោ ហ៊ុន សែន និងការដឹកនាំបញ្ជាដោយផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ភ្លាមៗអាជ្ញាធរ និងជំនាញពាក់ព័ន្ធបានគិតគូរ ជ្រើសរើសទីតាំងសម្រាប់រៀបចំធ្វើជាកន្លែងបូជាសព អ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ ដោយគិតគូរពីសុវត្ថិភាព និងមិនឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ទើបពិនិត្យ និងសម្រេចឃើញថា មានតែទីតាំង មូលដ្ឋានក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនោះទេ ដែលផ្ដល់សុវត្ថិភាព និងជាជម្រើសល្អ នៅក្នុងការបង្កើតឲ្យមានជា ទីតាំង សម្រាប់បូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយសារទីនោះមិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
លោក ម៉េត មាសភក្ដី បន្តថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំផ្ទៃដីទំហំប្រមាណ១០ហិកតា និងឡជាបច្ឆាបច្ចេកទេសស្តង់ដារចំនួន៦ សម្រាប់ត្រៀមបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ គឺស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយបាននិងកំពុងមមាញឹកឈូសឆាយ រៀបចំទាំងយប់ទាំងថ្ងៃ។
ទោះបីមកដល់ពេលនេះ ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែបន្តមាន និងមានអ្នកស្លាប់ម្នាក់ក្ដី ក៏ភូមិសាស្ត្រ រាជធានីភ្នំពេញ មិនត្រូវបានប្រកាសបិទ ឬផ្អាកចរាចរណ៍តំបន់ណាឡើយ លើកលែងតែទីតាំងប្រមាណជា១០០ទីតាំង ដែលមានដូចជាផ្ទះ ឬខុនដូជាដើម មានអ្នកពាក់ព័ន្ធកំពុងរស់នៅ និងធ្វើចត្តាឡីស័កប៉ុណ្ណោះ ដែលត្រូវបានហ៊ុព័ន្ធទីនោះ។

