អ្នកដំណើរចូលមកខេត្តសៀ់មរាបមានការថយចុះជាងមុន ខណៈអ្នកឆ្លងកូវីដ១៩មានការ កើនឡើងជាង ១៣០០នាក់នោះ
សៀមរាប៖ អ្នកបើកបររថយន្តឈ្នួល ពីបណ្ដាខេត្តនានា ចូលមកខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ បានលើកឡើងថា ចំនួនរថយន្តធ្វើចរាចរណ៍ នៅតាមផ្លូវជាតិលេខ៦ រវាងព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តសៀមរាប មានការថយចុះ ស្របពេលដែលចំនួនអ្នកមានវីរុសកូវីដ-១៩ នៅតាមបណ្ដាខេត្តទូទាំងប្រទេស កើនដល់ ១៣០៥នាក់ គិតត្រឹមម៉ោង៧:០០ព្រឹកថ្ងៃទី១៤ ខែមីនានេះ។
អ្នកបើកបររថយន្តឈ្នួល ពីខេត្តកំពង់ធំ ទៅខេត្តឧត្តរមានជ័យ ដោយឆ្លងកាត់ខេត្តសៀមរាប លើកឡើងថា ក្នុងរយៈពេលថ្មីៗ នេះ ការធ្វើដំណើរតាមរថយន្ត មានការត្រួតពិនិត្យសុខភាពតឹងរឹង នៅតាមដងផ្លូវ មិនត្រឹមតែក្នុងខេត្តសៀមរាបនោះទេ ខេត្តផ្សេងៗឯទៀតក៏មានការរឹតបន្តឹងដូចគ្នាដែរ។បើតាមប្រសាសន៍ លោក ចឹក គឹមជុន នាយករងរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែមីនានេះ ក៏បានបង្ហាញដែរថា ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ៦ ពីខេត្តកំពង់ធំ មកខេត្តសៀមរាប មានការប្រុងប្រយ័ត្នខ្ពស់ជាងមុន និងមានការកាត់បន្ថយការធ្វើចរាចរណ៍តាមរថយន្តដឹកអ្នកដំណើរ ដោយភាគច្រើន មានតែរថយន្តដឹកទំនិញធំៗ តែប៉ុណ្ណោះ៕ ដោយ ស៊ាន សុផាត