យោធាមីយ៉ាន់ម៉ាប្រកាសចេញច្បាប់អាជ្ញាសឹកក្នុងទីក្រុង Yangon ខណៈមនុស្សយ៉ាងតិច១៨នាក់ស្លាប់ នៅក្នុងបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារ
មីយ៉ាន់ម៉ា៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅយប់ថ្ងៃអាទិត្យម្សិលមិញនេះ បានដាក់ចេញច្បាប់អាជ្ញាសឹកនៅទីក្រុងយ៉ាងហ្គោន ក្រោយក្រុមបាតុករយ៉ាងតិច១៨ នាក់បានបាត់បង់ជីវិត នៅក្នុងបាតុកម្មតវ៉ាដ៏បង្ហូរឈាមចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ។
ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរដ្ឋ បានប្រកាសនៅល្ងាចថ្ងៃអាទិត្យម្សិលមិញថា សង្កាត់ ហ្លាំងថាយ៉ា ដ៏ធំរបស់ទីក្រុងយ៉ាងហោ្គន និងសង្កាត់ ស្វេបយីថា ដែលនៅជិតនោះ នឹងត្រូវដាក់នៅក្រោមច្បាប់អាជ្ញាសឹក ។ សង្កាត់ធំៗ និងក្រីក្រទាំងពីរនេះត្រូវបានគេស្គាល់ថា ជាមណ្ឌលរោងចក្រ និងជាកន្លែងរោងចក្រកាត់ដេរ ។
សូមជម្រាបថា អំពើហិង្សានៅថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើឱ្យចំនួនមនុស្ស ដែលត្រូវបានសម្លាប់នៅក្នុងការតវ៉ាទ្រង់ទ្រាយធំ ចាប់តាំងពីមេដឹកនាំយោធាបានទម្លាក់មេដឹកនាំស៊ីវិលលោកស្រី អោង សាន ស៊ូជី ពីអំណាច កើនឡើងប្រមាណ១០០នាក់ហើយ បើទោះបីជាសកម្មជន និងក្រុមសិទ្ធិមនុស្សជឿថា វាអាចខ្ពស់ជាងនេះក៏ដោយ ៕ ប្រភព៖ CNA




