អភិបាលខេត្តកំពង់ធំនាំយកអំណោយសម្តេចតេជោជួបសំណេះសំណាលជាមួយពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ

អត្ថបទដោយ៖
ធី ដា

ខេត្តកំពង់ធំ៖បងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃនៅយប់ថ្ងៃទី១៤ខែមីនាចំនួន៦៦នាក់ត្រូវបានឯកឧត្ដមសុខលូអភិបាលខេត្តកំពង់ធំនិងក្រុមការងារចុះសាកសួរសុខទុក្ខនិងនាំយក​អំណោយសម្ដេចតេជោ(ឃីត១កញ្ចប់) ជូនបងប្អូនពលករនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យកំពង់ធំនិងបន្ត​ជួប​ពលករដែល​កំពុងធ្វើចត្តាឡឺស័កនៅស្រុកសន្ទុកចំនួន៣៦នាក់ស្រុកបារាយណ៍ចំនួន៧១នាក់ស្រុកតាំងគោកចំនួន៤៣នាក់និងស្រុកកំពង់ស្វាយ៣៥នាក់សរុបទាំងអស់ចំនួន២៥១នាក់នៅថ្ងៃទី១៥ខែមីនាឆ្នាំ២០២១។

ជាមួយគ្នានោះដែរឯកឧត្តមសុខលូអភិបាលខេត្តកំពង់ធំបានពាំនាំនូវការសាកសួរសុខទុក្ខពីសម្ដេចអគ្គ​មហា​សេនា​បតី​តេជោហ៊ុនសែននិងសម្តេចកិតត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជូនចំពោះបងប្អូន​ប្រជា​ពល​រដ្ឋ​គ្រប់រូបដែលកំពុងធ្វើចត្តាឡីស័កនៅគ្រប់មណ្ឌលទាំងអស់ទូទាំងខេត្តកំពង់ធំព្រមទាំងផ្តាំផ្ញើឲ្យអាជ្ញាធរខេត្តអាជ្ញាធរស្រុកសូមយកចិត្តទុកដាក់ចំពោះពុកម៉ែបងប្អូនទោះបីជាមានការ​លំបាក​យ៉ាងណា​ក៏ដោយត្រូវខិតខំជួយបងប្អូនឱ្យអស់លទ្ធភាព។

ទន្ទឹមនឹងនោះដែរឯកឧត្តមសុខលូបានអំពាវនាវដល់ពលករទាំងអស់បន្ទាប់ពីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទទួលបានលទ្ធផលអវិជ្ជមាននៅពេលត្រឡប់ទៅផ្ទះវិញសូមអនុវត្តនូវវិធានការ៣ការពារ៣កុំរបស់រាជរដ្ឋាភិបាលនិងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលជាពិសេសសូមរក្សាអនាម័យត្រូវពាក់​ម៉ាស់នៅពេលចាំបាច់ឧស្សាហ៍លាងដៃនឹងសាប៊ូទឹកអាកុលឬជែលរក្សាគម្លាតសុវត្ថិភាពពីគ្នាយ៉ាងតិចឲ្យបាន១.៥ម៉ែត្រកុំទៅកន្លែងបិទជិតកុំទៅកន្លែងមានមនុស្សច្រើនកុំប៉ះពាល់គ្នាកុំចាប់ដៃគ្នាកុំកៀកស្មាគ្នាកុំឱបគ្នានិង​ចូលរួម​ស្កេនQR Code នៅគ្រប់ទីកន្លែងដែលពុកម៉ែបងប្អូនទៅដល់ដែលអាចទទួលបានដំណឹង​ឆាប់​រហ័សប្រសិនបើទីតាំងនោះមានករណីឆ្លងជំងឺកូវីដ១៩។

ចុងក្រោយឯកឧត្តមសុខលូក៏បានក្រើនរំលឹកដល់អាជ្ញាធរគ្រប់ក្រុង-ស្រុកទាំង៩សូមធ្វើការណែ​នាំដល់​បងប្អូន​ប្រជាពលរដ្ឋដែលមានបំណងចង់រៀបចំពិធីបុណ្យនានាដែលមិនចាំបាច់ដូចជាបុណ្យផ្កាបុណ្យបច្ច័យបួនបុណ្យទក្ខិណានុប្បទានជាដើមសូមផ្អាកបណ្ដោះអាសន្នលើកលែង​ចំពោះ​ពិធីបុណ្យ​ចាំបាច់ដូចជាបុណ្យសពបុណ្យគំរប់ខួប៧ថ្ងៃ១០០ថ្ងៃពិធីរៀបអាពាហ៍ពិពាហ៍ដាច់ខាតត្រូវតែ​ណែនាំដល់ម្ចាស់​កម្មវិធីធ្វើយ៉ាងម៉េចត្រូវកាត់បន្ថយអ្នកចូលរួមក្នុងមួយតុគឺមានអ្នកចូលរួមតែ៥នាក់ប៉ុណ្ណោះហើយអ្នកចូលរួមទាំងអស់ការធ្វើអនាម័យនិងការវាស់កំដៅការពាក់ម៉ាសការរក្សាគម្លាតសុវត្ថិភាពបុគ្គលនិងសង្គមដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍។ដោយប៊ុន​រដ្ឋា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner