ប្រជាជនកូរ៉េខាងត្បូងចំនួន១២លាននាក់នឹងទទួលបានការចាក់វ៉ាក់សាំងបង្ការ Covid-19 នៅត្រឹមចុងខែមិថុនាខាងមុខនេះ
កូរ៉េខាងត្បូង៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះប្រកាសថា ខ្លួនមានគោលបំណងចាក់វ៉ាក់សាំង COVID-19 ដល់ប្រជាជនអោយបាន១២លាននាក់ ក្នុងចំណោមប្រជាជនសរុបចំនួន៥២លាននាក់ នៅត្រឹមចុងខែមិថុនាខាងមុខនេះ ។
បើតាមទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) ការចាក់វ៉ាក់សាំងដំណាក់កាលដំបូងគ្រោងនឹងបញ្ចប់នៅចុងខែមីនានេះ ហើយការចាក់វ៉ាក់សាំងដំណាក់កាលទី២ នឹងចាប់ផ្តើមពីសប្តាហ៍ទី៤ នៃខែមីនា រហូតដល់ខែមិថុនា ដោយនឹងមានការចូលរួមពីសំណាក់ក្រុមមនុស្សសំខាន់ៗចំនួន៦ក្រុម ក្នុងនោះរួមមានក្រុមអ្នកជំងឺ ក្រុមបុគ្គលិកពេទ្យនៅតាមមជ្ឈមណ្ឌលថែទាំដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ និងក្រុមមនុស្សដែលមានហានីភ័យខ្ពស់ ដូចជាក្រុមមនុស្សចាស់ ក្រុមជនពិការ និងក្រុមជនអនាថា ។ ចំណែកឯការចាក់វ៉ាក់សាំងដំណាក់កាលទី៣ គ្រោងនឹងចាប់ផ្តើមនៅខែកក្កដាខាងមុខ ដែលភាគច្រើននឹងផ្តោតទៅលើសាធារណជនទូទៅ ។
សូមជម្រាបថា កូរ៉េខាងត្បូងបានកំណត់គោលដៅចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនប្រមាណ៧០ភាគរយ នៃចំនួនប្រជាជនសរុបនៅត្រឹមខែកញ្ញាខាងមុខ ដើម្បីឲ្យមានភាពស៊ាំជាសហគមន៍នៅត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ ៕ ប្រភព៖ ស៊ីនហួរ

