ប្រជាជាតិធំៗនៅប្លុកអឺរ៉ុបសម្រេចផ្អាកការប្រើប្រាស់វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន AstraZeneca ដោយសារបារម្ភពីបញ្ហាសុវត្ថិភាព
បរទេស៖ បណ្តាប្រទេសជាច្រើនៅប្លុកអឺរ៉ុប ក្នុងនោះរួមមានអាល្លឺម៉ង់ បារាំង អ៊ីតាលី និងអេស្ប៉ាញ បានសម្រេចផ្អាកការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ AstraZeneca នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីបញ្ហាកំណកឈាមក្នុងសរសៃឈាម លើមនុស្សមួយចំនួនដែលបានទទួលការចាក់វ៉ាក់សាំងនេះរួច បើទោះបីជាក្រុមហ៊ុនផ្ទាល់ និងនិយ័តករអន្តរជាតិនិយាយថា មិនមានភស្តុតាងណាមួយត្រូវបានរកឃើញពាក់ព័ន្ធនឹងបញ្ហានេះក៏ដោយ ។
បើតាមប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រទេសរបស់លោកបានសម្រេចផ្អាកការប្រើប្រាស់វ៉ាក់សាំងរបស់ AstraZeneca យ៉ាងហោចណាស់រហូតដល់រសៀលថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីជាវិធានការបង្ការទុកជាមុន ចំពោះការព្រួយបារម្ភជុំវិញបញ្ហាសុវត្ថិភាព ប៉ុន្តែលោក ម៉ាក្រុង មិនបានពន្យល់ពីមូលហេតុនៃការសម្រេចចិត្តនេះទេ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ត្រូវបានគេរំពឹងថា នឹងដាក់សំណើសុំការអនុញ្ញាតពីសហរដ្ឋអាមេរិក សម្រាប់ការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ខ្លួន ខណៈបច្ចុប្បន្នអាមេរិកបានអនុម័តអោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer, Moderna និង Johnson & Johnson ៕ ប្រភព៖ AP


