អ្នកបើកបររថយន្តម្នាក់រងការពិន័យក្រោយពីបើកគេចប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៥មីនា ឆ្នាំ ២០២១ មានរថយន្ត១គ្រឿង បានបើកគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័កព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពត ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ធ្វើការពិន័យអន្តរការណ៍។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ឈ្មោះ កី កុសល ភេទ ប្រុស បើកបររថយន្តម៉ាក Nissan ពណ៌ខ្មៅ មួយគ្រឿងបានបើកគេចវេះពីប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័កព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពត។ យោងតាមអនុក្រឹត្យលេខ៣៧ ចុះថ្ងៃទី១២មីនាឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រង់មាត្រា២២ ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ពី ១លានរៀល ទៅ ៥លាន)រៀល ចំពោះបុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក តែមិនបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។

រដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់ថា ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ រដ្ឋបាលខេត្តត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែង។ ជាមួយគ្នានោះ រដ្ឋបាលខេត្តព្រះសីហនុ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរស្រុក ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner