ហ្វីលីពីនបិទទូរទស្សន៍ឈានមុខគេមួយក្នុងប្រទេស ដោយចោទពីបទលួចអនុញ្ញាតឱ្យក្រុមហ៊ុនបរទេសធ្វើការវិនិយោគ ដោយរំលោភលើច្បាប់
ហ្វីលីពីន៖ រដ្ឋាភិបាលហ្វីលីពីនបានបញ្ជាឱ្យបិទស្ថានីយទូរទស្សន៍ឈានមុខគេ នៅក្នុងប្រទេសមួយនេះ មានឈ្មោះថា ABS-CBN ដែលកន្លងមក ធ្លាប់មានជម្លោះជាមួយប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលប្រការនេះ ធ្វើឱ្យសហរដ្ឋអាមេរិកបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ។
សូមរំលឹកថា កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋាភិបាលលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានស្នើឱ្យតុលាការកំពូលបិទប្រព័ន្ធផ្សព្វផ្សាយ ABS-CBN និងបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងផងដែរ ហើយក្រោយមកទើបមានការកំណត់ពេលវេលាឲ្យបិទ ប៉ុន្តែ ABS-CBN ក៏បានធ្វើការប្តឹងតវ៉ាផងដែរ ។
នៅក្នុងពាក្យបណ្តឹងសុំឲ្យបិទប្រព័ន្ធផ្សព្វផ្សាយ ABS-CBN ទៅកាន់តុលាការកាលពីខែកុម្ភៈ រដ្ឋាភិបាលហ្វីលីពីនបានបញ្ជាក់ថា ស្ថានីយទូរទស្សន៍ដែលជាកម្មសិទ្ធិ នៃគ្រួសារមហាសេដ្ឋីមួយ នៅហ្វីលីពីនមួយនេះ បានលួចអនុញ្ញាតឱ្យក្រុមហ៊ុនបរទេស ធ្វើការវិនិយោគនៅក្នុងក្រុមហ៊ុនរបស់ខ្លួន ដោយរំលោភលើច្បាប់ស្តីពីការហាមការទទួលប្រយោជន៍ពីបរទេស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយទូរទស្សន៍មួយនេះគួរតែត្រូវដកអាជ្ញាប័ណ្ណ ។
យ៉ាងណាមិញ បើទោះបីជាត្រូវបានបិទកាលពីថ្ងៃអង្គារ៍សប្តាហ៍នេះក៏ដោយ ABS-CBN តាមរយៈសេចក្តីថ្លែងការណ៍មួយបានបញ្ជាក់ថា ខ្លួននៅតែរង់ចាំការអនុម័តពីសភាហ្វីលីពីន ដែលអាចធ្វើឡើងនៅក្នុងពេលឆាប់ៗខាងមុខ ដើម្បីឲ្យខ្លួនអាចបន្តប្រតិបត្តិការឡើងវិញ ដើម្បីផលប្រយោជន៍ប្រជាជនហ្វីលីពីន ៕ធ.ដ