សហរដ្ឋអាម៉េរិកច្រានចោលការចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធនឹងការផ្តួលរំលំរបបដឹកនាំរបស់ប្រធានាធិបតីវេណេស៊ុយអេឡា

សហរដ្ឋអាម៉េរិក៖ ក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិក NSC នៅថ្ងៃសុក្រនេះ បានប្រកាសបដិសេដការចោទប្រកាន់ដែលថា សហរដ្ឋអាម៉េរិកបានចូលរួមក្នុងការលុកលុយប្រទេសវេណេស៊ុយអេឡា នៅក្នុងសប្តាហ៍នេះ ដើម្បីផ្តួលរំលំរបបដឹកនាំលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ ។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិក NSC តាមរយៈបណ្តាញ Twitter ខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានអះអាងថា អាជ្ញាធរវេណេស៊ុយអេឡាបានចាប់ខ្លួនភេរវករចំនួន១៣នាក់នៅថ្ងៃចន្ទនេះ ពាក់ព័ន្ធនឹងអ្វីដែលលោកបានពិពណ៌នាថា ជាផែនការសម្របសម្រួលជាមួយរបបក្រុងវ៉ាស៊ីនតោន ដើម្បីចូលមកវេណេស៊ុយអេឡា តាមរយៈឆ្នេរសមុទ្រការ៉ាអ៊ីព ហើយបណ្តេញលោកចេញពីអំណាច ។ អាជ្ញាធរវ៉េណេស៊ុយអេឡាបាននិយាយដែរថា មនុស្ស០៨នាក់ត្រូវបានសម្លាប់អំឡុងការប៉ុនប៉ងលុកលុយកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ។

ទន្ទឹមគ្នា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ក៏បានចេញមុខប្រកាសច្រានចោលរាល់ការពាក់ព័ន្ធរបស់សហរដ្ឋអាម៉េរិក ចំពោះអ្វីដែលក្រុមមន្រ្តីវេណេស៊ុយអេឡាបានហៅថា ការលុកលុយប្រដាប់អាវុធបរាជ័យចូលក្នុងប្រទេសអាម៉េរិកខាងត្បូងមួយនេះ ដែលនាំទៅដល់ការចាប់ខ្លួនទាហានស៊ីឈ្នួលអាម៉េរិកពីរនាក់ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner