ព្រះរាជអាជ្ញាកំពូលវេណេស៊ុយអេឡាស្នើធ្វើបត្យាប័នជនជាប់ចោទអតីតយោធាជើងចាស់អាម៉េរិកម្នាក់ ដែលមានជាប់ទាក់ទិនពីបទរៀបចំផែនការផ្តួលរំលំរបបដឹកនាំ ម៉ាឌូរ៉ូ
វេណេស៊ុយអេឡា៖ ព្រះរាជអាជ្ញាកំពូលវេណេស៊ុយអេឡាលោក តារ៉េក សាអេប នៅថ្ងៃសុក្រនេះបាននិយាយថា ការិយាល័យរបស់លោកស្នើសុំឱ្យមានការឃុំខ្លួន និងការធ្វើបត្យាប័នអតីតយោធាជើងចាស់អាមេរិក ចូដិន ហ្គូទ្រូ និងយោធាវ៉េណេស៊ុយអេឡា០២នាក់ទៀត ដោយចោទប្រកាន់ពីបទមានជាប់ពាក់ព័ន្ធនឹងការរៀបចំផែន ការផ្តួលរំលំរដ្ឋាភិបាលរបស់លោក នីកូឡា ម៉ាឌូរ៉ូ នេះបើតាមសារព័ត៌ មានរ៉យទ័រ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ អាជ្ញាធរវេណេស៊ុយអេឡាបានរាយការណ៍ថា កងកម្លាំងយោធាវេណេស៊ុយអេឡា បានទប់ស្កាត់ការឈ្លានពានពីសំណាក់កងប្រដាប់អាវុធស៊ីឈ្នួលមួយក្រុម ដែលប៉ុនប៉ងចូលមកកាន់តំបន់ឆ្នេរភាគកណ្តាលរបស់វេណេស៊ុយអេឡា តែមិនបានសម្រេច ។ ០២ថ្ងៃក្រោយមកទៀត ទូរទស្សន៍ជាតិវេណេស៊ុយអេឡាបានចេញផ្សាយខ្សែវីដេអូមួយ ស្តីអំពីពលរដ្ឋអាម៉េរិកម្នាក់ និយាយសារភាពយ៉ាងច្បាស់ថា ខ្លួនបានរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលរបស់លោក នីកូឡា ម៉ាឌូរ៉ូ ព្រមទាំងប៉ុនប៉ងចាប់ខ្លួនប្រធានាធិបតីរូបនេះ យកទៅសហរដ្ឋអាមេរិកទៀងផង ។
ដោយឡែកបើតាមកាសែតអាម៉េរិក Washington Post កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សមាជិកសភាមកពីបក្សប្រឆាំងវេណេស៊ុយអេឡា កាលពីខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះបានចរចាលើកិច្ចព្រមព្រៀងមួយ ជាមួយនឹងក្រុមហ៊ុនសន្តិសុខតូចមួយនៅរដ្ឋផ្លូរីដា ក្នុងតម្លៃ២១៣លានដុល្លារ ដើម្បីលុកលុយប្រទេសអាមេរិកខាងត្បូងមួយនេះ និង ទម្លាក់លោក នីកូឡា ម៉ាឌូរ៉ូ ចេញពីមុខតំណែងប្រធា នាធិបតី ។ ក្នុងកិច្ចព្រមព្រៀងនោះបានសរសេរយ៉ាងដូច្នេះថា ក្រុមអ្នកផ្តល់សេវាកម្មនឹងផ្តល់ប្រឹក្សាយោបល់ ព្រមទាំងជំនួយដល់ក្រុមដៃគូ ក្នុងការធ្វើផែនការ និងប្រតិបត្តិការចាប់ខ្លួនលោក នីកូឡា ម៉ាឌូរ៉ូ និងលុបបំបាត់របបបច្ចុប្បន្នចេញ ហើយដាក់លោក ជូអាន់ ហ្គៃដូ ឡើងមកកាន់អំណាចវិញ។
សូមជម្រាបថា ព័ត៌មានមួយនេះវាបានបង្កការប៉ះពាល់ជាខ្លាំងដល់ភាពជឿជាក់លើមេដឹកនាំបក្សប្រឆាំងលោក ជូអាន់ ហ្គៃដូ ដែលកន្លងមក តែងតែបានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការមានជាប់ពាក់ព័ន្ធណាមួយ ជាមួយក្រុមស៊ីឈ្នួលទាំងនោះ ឬជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងផ្តួលរំលំលោកប្រធានាធិបតី ម៉ាឌូរ៉ូ ចេញពីមុខតំណែងដោយប្រើប្រាស់កម្លាំងបាយ ៕ធ.ដ