គ្រឿងញៀនជិត៦គីឡូក្រាមរួមទាំងជនសង្ស័យ២នាក់ត្រូវបានអាវុធហត្ថខេត្តតាកែវបង្ក្រាបបាន
នៅព្រឹកថ្ងៃទី២៥មីនា ឆ្នាំ២០២១ លោក ខាន់ សុខា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រឿងញៀនខេត្តតាកែវ និងលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធ បានអញ្ជើញត្រួតពិនិត្យសម្ភារៈដែលដកហូតបានពីជនសង្ស័យ ជាស្រ្ដីម្នាក់ មានថ្នាំញៀនជិត៦គីឡូក្រាម។
គ្រឿងញៀនទាំងនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងអាវុធហត្ថលើផ្ទៃប្រទេស បានចុះបង្ក្រាបបាន នៅសង្កាត់ចោមចៅ៣ ខ័ណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហ្ថតខេត្តតាកែវបានឲ្យដឹងថា ការឃាត់ខ្លួនមុខសញ្ញាជាមេក្លោងចែកចាយគ្រឿងញៀននោះ គឺក្រោយពេលដែលកំលាំងជំនាញអាវុធហត្ថខេត្តតាកែវបានឃាត់ខ្លួនអ្នកចាយគ្រឿងញៀនម្នាក់នៅស្រុកសំរោង ខេត្តតាកែវកាលពីថ្ងៃទី២២មីនា ឆ្នាំ២០២១។
ក្រោយធ្វើការសួរចម្លើយរួចជនសង្ស័យខាងលើ បានសហការជាមួយសមត្ថកិច្ច ទើបឈានដល់ការចាប់ខ្លួនមេក្លោងចែកចាយគ្រឿងញៀនភេទស្រីម្នាក នៅថ្ងៃទី២៤មីនា ឆ្នាំ២០២១ នៅផ្ទះជួល ឋិតនៅភូមិព្រៃទទារ សង្កាត់ចោមចៅ៣ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយដកហូតបានសាធាតុញៀនដែលមានទម្ងន់៥ពាន៤៧២ក្រាម ៩០មីលីក្រាម។
លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបន្តថា ក្រោយឃាត់ខ្លួនបាន មន្ត្រីជំនាញបាននាំខ្លួនជនសង្ស័យខាងលើមកធ្វើការសួរនាំ និងធ្វើតេសពិសោធន៍បង្ហាញពីសារធាតុញៀនទាំងនោះ។ ជនសង្ស័យ ឈ្មោះ ហេង ច្រឹប ភេទស្រី អាយុ៣១ឆ្នាំ ដើម្បីបញ្ជាក់ថា ម្សៅក្រាមសរថ្លាទាំងនោះ ពិតជាសារធាតុញៀនពិតប្រាកដមែន ។ ក្រោយធ្វើការបង្ហាញរួចស្ត្រីជាជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅសាលាតំបូងខេត្តតាកែវ ដើម្បីចាត់ការទៅតាមនីតិវិធី៕


