អ្នកជំនាញនិយាយពីភាពប្រឈមនៃវិបត្តិកូវីដក្នុងសហគមន៍ និងតម្លៃទំនិញនៅលើទីផ្សារ

ភ្នំពេញ ៖ ទោះជាស្ថិតនៅក្នុងស្ថានភាពប្រឈមទៅនឹងវិបត្តិនៃជំងឺឆ្លងក្នុងសហគមន៍ដែលគួរភ័យខ្លាចនាពេលបច្ចុប្បន្នរហូត​បណ្តាលឱ្យមាន​មនុស្សស្លាប់ក៏ដោយ ប៉ុន្តែបើគេសង្កេតមើលទៅលើស្ថានភាពទីផ្សារនៃមុខទំនិញចាំបាច់ផ្សេងៗហាក់​នៅតែរក្សា​តម្លៃ​ធម្មតាមិនមានការឡើងថ្លៃ ដូចកាលពីដើមឆ្នាំ2020នោះទេ។

លោកបណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជាបានប្រាប់ AMS ថា ព្រឹត្តិការណ៍ដែល​បង្ក​ឱ្យ​មាន​ភាពភ័យខ្លាចនៅកម្ពុជានាពេលបច្ចុប្បន្នបានធ្វើឱ្យប្រជាពលរដ្ឋភាគច្រើនមានភាពស៊ាំទៅហើយ ហើយមនុស្សភាគច្រើនក៏បានយល់​ដឹងពីជំងឺឆ្លងមួយនេះកាន់តែច្រើន ដូច្នេះពួកគេហាក់បានកាត់បន្ថយនូវភាពភ័យខ្លាចជ្រុល រហូតទិញស្បៀងត្រៀមទុកដូចកាលដើមឆ្នាំ2020​នោះ​ទៀតហើយ។

លោកបណ្ឌិត ហុង វណ្ណៈ

លោកបានពន្យល់ថា ទាក់ទងទៅនឹងទិដ្ឋភាពសេដ្ឋកិច្ច អ្វីៗដែលទាក់ទងទៅនឹងឧបករណ៍ និងសម្ភារៈវេជ្ជសាស្រ្ត ក៏ដូចជាស្បៀងអាហារជាដើម វានៅតែជាតម្រូវការចាំបាច់សម្រាប់ពលរដ្ឋ ប៉ុន្តែនៅក្នុងដំណាក់កាលនេះ គឺមានភាពខុសគ្នាកាលពីមួយឆ្នាំមុន ដែលជាព្រឹត្តិការណ៍ថ្មីសម្រាប់​កម្ពុជា​ធ្វើឱ្យមនុស្សភ័យខ្លាច ផ្អើលទិញទំនិញ និងសម្ភារៈប្រើប្រាស់ចាំបាច់ ជាពិសេសស្បៀងត្រៀមទុកដែលធ្វើឱ្យឈ្មួញបានចិត្តតម្លើងថ្លៃ។

លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ថា៖«កាលណាទំនិញមានតម្រូវការ វាត្រូវតែឡើងថ្លៃ តែចាំបាច់ត្រូវតែមានគុណភាព។ ដូច្នេះការ​ទិញសម្ភារស្តុកទុកដោយសារតែពលរដ្ឋមួយចំនួនខ្លាចគឺពិតជាធ្វើឱ្យទំនិញឡើងថ្លៃ ប៉ុន្តែវាផ្អើលតែមួយឆាវប៉ុណ្ណោះ។ ក្រោយមានភាពស៊ាំ ទាំង​អ្នកលក់ និងអ្នកទិញដែលក្នុងរយៈពេលប្រមាណមួយឆ្នាំកន្លងមកនេះ ធ្វើឱ្យប្រជាជនមិននាំគ្នាទិញទំនិញស្តុកទុកទៀត ជាក់ស្ដែងដូចជានៅក្នុង​ព្រឹត្តិការណ៍ដែលកំពុងកើតមាននេះស្រាប់»។យ៉ាងណាក៏ដោយ លោកបណ្ឌិត ហុង វណ្ណៈ បានធ្វើការព្យាករថា វិបត្តិនៃជំងឺឆ្លងក្នុងសហគមន៍ដែលកំពុងកើតមានេះអាច​នឹងផុតរលត់ទៅវិញ​យ៉ាង​យូរត្រឹមចុងត្រីមាសទី3 នៃឆ្នាំ2021នេះ ឬដើមឆ្នាំ2022 នឹងចប់ជាស្ថាពរក្រោយការប្រើប្រាស់វ៉ាក់សាំងកាន់តែទូលាយទូទាំងប្រទេស ហើយ​ចរន្តនៃសេដ្ឋកិច្ចក៏ចាប់ផ្តើមមានដំណើរការ និងកំណើនឡើងវិញបន្តិចម្ដងៗ៕ 

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner