អតីតគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លើកឡើងថា វាជាកិត្តិយសដ៏អស្ចារ្យបំផុតក្នុងជីវិត ដែលដឹកនាំក្រុមគោព្រៃកម្ពុជា

លោក Felix G. Dalmas អតីតគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានថ្លែងសារ បង្ហាញពីក្តីស្រឡាញ់ចំពោះប្រជាជនកម្ពុជា និង ក្រុមជម្រើសជាតិកម្ពុជា ខណៈដែលលោក មិនអាចបន្តដំណើរឆ្ពោះទៅមុខជាមួយក្រុមបាល់ទាត់កម្ពុជាបានទៀត។ ក្នុងសារបានថ្លែងថា ក្នុងនាមជាគ្រូបង្វឹក និងជាអ្នកដឹកនាំនៃក្រុមជម្រើសជាតិកម្ពុជា អស់រយៈពេលជាងពីរឆ្នាំកន្លងទៅនេះ លោក គិតថា វាគឺជាកិត្តិយសដ៏អស្ចារ្យបំផុតក្នុងមួយជីវិតរបស់លោក។

ក្នុងសារជាវីដេអូ លោកបានលើកឡើងថា ខ្ញុំនឹងមិនអាចបន្តក្នុងនាមជាគ្រូបង្វឹកទៀតទេ ដោយសារតែបញ្ហាផ្ទាល់ខ្លួនមួយចំនួនរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំជឿជាក់ថា លោកគ្រូ Keisuke Honda នឹងនៅតែបន្តការដឹកនាំដ៏ល្អ សម្រាប់ក្រុមជម្រើសជាតិកម្ពុជា។អស់រយៈពេលពីរឆ្នាំមកនេះ ខ្ញុំមានក្រុមការងារបច្ចេកទេសកម្ពុជាដ៏អស្ចារ្យមួយ ហើយមានមនុស្សអស្ចារ្យជាច្រើនទៀត ដែលនៅពីក្រោយការប្រកួតរបស់ពួកយើង ពួកគេបានធ្វើការយ៉ាងខ្លាំង និងបានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តសម្រាប់ក្រុម។ ខ្ញុំបានធ្វើការងារជារៀងរាល់ថ្ងៃជាមួយកីឡាករ គ្រូបង្វឹករបស់ក្លិបអាជីពនានា ហើយក៏មានម្ចាស់ក្លឹបទាំងនោះផងដែរ ពួកគេបានគាំទ្រខ្ញុំយ៉ាងខ្លាំងដើម្បីចង់ឱ្យប្រទេសកម្ពុជា និងកីឡាកររបស់យើងកាន់តែមានភាពរីកចម្រើន។ ការធ្វើការងារសហការជាមួយពួកគាត់វាពិតជាវិសេសវិសាលណាស់ សម្រាប់ខ្ញុំ។ ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោក Keisuke Honda ដែលជឿទុកចិត្តមកលើរូបខ្ញុំ ហើយបានផ្តល់ឱកាសឱ្យខ្ញុំក្នុងការដឹកនាំក្រុមជម្រើសជាតិកម្ពុជាឆ្ពោះទៅរកភាពជោគជ័យ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាតែងតែជឿជាក់លើទស្សនៈវិស័យបាល់ទាត់ និងគាំទ្រដល់ក្តីសុបិន្តរបស់ពួកយើងក្នុងការកសាងមូលដ្ឋានគ្រឹះ សម្រាប់យុគសម័យថ្មីនៃបាល់ទាត់កម្ពុជា។

ក្នុងរយៈពេលតែពីរឆ្នាំប៉ុណ្ណោះ ពួកយើងបានបង្កើតមូលដ្ឋានគ្រឹះនៃរបៀបលេងមួយ ដែលមានសក្តានុពលយ៉ាងខ្លាំង។ មូលដ្ឋានគ្រឹះដ៏រឹងមាំមួយនេះបានបង្ហាញរួចមកហើយនូវអ្វីដែលវាអាចសម្រេចបាន និងទទួលបានលទ្ធផលមិនគួរឱ្យជឿ ដូចជា៖ការឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅក្នុងពានរង្វាន់ AFF U22 LG Cup 2019 ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ, ការឆ្លងចូលវគ្គជម្រុះជុំទី២ក្នុងពានរង្វាន់បាល់ទាត់ពិភពលោក (ក្នុងនាមជាក្រុមដែលក្មេងជាងគេក្នុងការប្រកួត) និងការទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងការប្រកួតកីឡា ស៊ីហ្គេម កាលពីឆ្នាំ២០១៩ ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់បាល់ទាត់កម្ពុជា។ ពេលនេះ កម្ពុជាមានមូលដ្ឋានគ្រឹះ និងគន្លងផ្លូវនៃដំណើរការអភិវឌ្ឍន៍ក្រុមជម្រើសជាតិយ៉ាងច្បាស់លាស់។ នេះជាមានមោទនភាពចំពោះអ្វីដែលពួកយើងបានកសាង ហើយលោកជឿជាក់ថា ជាមួយនឹងមូលដ្ឋានគ្រឹះនេះនឹងបង្កើតបាននូវប្រវត្តិសាស្ត្រថ្មីមួយរបស់កម្ពុជា ដែលនឹងអាចកើតមានឡើងជាច្រើនទៀត នាពេលអនាគត។

ខ្ញុំពិតជាមានកិត្តិយសណាស់ ដែលបានក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្របាល់ទាត់របស់ប្រទេសដ៏អស្ចារ្យមួយនេះ។ ខ្ញុំនឹងតែងតែចងចាំ និងដឹងគុណដល់ប្រជាជនកម្ពុជាជានិច្ច ចំពោះទឹកចិត្តដ៏ស្មោះសររបស់អ្នកចំពោះខ្ញុំ។ សូមអរគុណយ៉ាងជ្រាលជ្រៅដល់អ្នកគាំទ្រទាំងអស់ សម្រាប់ការគាំទ្រដ៏ស្មោះស្ម័គ្ររបស់អ្នក។ អ្នកទាំងអស់គ្នា គឺជាចង្វាក់បេះដូងរបស់ក្រុម។ អ្នកទាំងអស់គ្នា គឺជាកីឡាករទី១២ របស់យើង។ ខ្ញុំនឹងនឹកអ្នកទាំងអស់គ្នា ហើយខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ យើងនឹងជួបគ្នាម្តងទៀត។

គួររំលឹកថា អតីតគ្រូបង្គោលបាល់ទាត់ក្រុមជម្រើសជាតិ សញ្ជាតិអាហ្សង់ទីន បានចូលមកធ្វើជាគ្រូបង្វឹកនិងដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្នុងឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ។ ក្នុងរយៈពេលជាងពីរឆ្នាំនៃការដឹកនាំរបស់លោកជាមួយអ្នកចាត់ការទូទៅ លោក Keisuke Hondaបានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិ ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅក្នុងពានរង្វាន់ AFF U22 LG Cup 2019 ការឆ្លងចូលវគ្គជម្រុះជុំទី២ក្នុងពានរង្វាន់បាល់ទាត់ពិភពលោក និង ទទួលបានចំណាត់ថ្នាក់លេខ៤ ស៊ីហ្គេម កាលពីឆ្នាំ២០១៩ ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់បាល់ទាត់កម្ពុជា៕
