សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះម្ចាស់បន្ទប់ជួលចំនួន ៤រូប ដែលប្រកាសមិនយកថ្លៃឈ្នួលពីកម្មករ
ភ្នំពេញ៖ នាយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញលិខិតថ្លែងអំណរគុណ ចំពោះម្ចាស់បន្ទប់ជួលចំនួន ៤រូប ដែលប្រកាសមិនយកថ្លៃឈ្នួលពីកម្មករ-កម្មការិនី នៅក្នុងដំណាក់កាល នៃការរីករាល ដាលជំងឺកូវីដ១៩នេះ។
តាមរយៈលិខិតថ្លែងអំណរគុណរបស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះលោកទាំង៤ ព្រមទាំងភរិយា ដែលមានសមានចិត្តជួយសម្រាលបន្ទុកកម្មករ កម្មការិនី តាមរយៈការផ្ដល់បន្ទប់ស្នាក់នៅដោយឥតគិតថ្លៃ សម្រាប់ អំឡុងពេលដែលប្រទេសយើងកំពុងប្រឈមមុខទប់ទល់នឹងវិបត្តិដែលបង្កឡើងដោយជំងឺកូវីដ១៩»។
សូមជម្រាបថា កម្ពុជាកំពុងទទួលរងនូវការរីករាលដាល នៃជំងឺកូវីដ១៩យ៉ាងខ្លាំង ដោយបានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ច និងការរកទទួលទានរបស់ប្រជាពលរដ្ឋ ក៏ដូចជាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ ដូច្នេះការប្រកាសរបស់ ម្ចាស់បន្ទប់ជួលទាំង៤រូបនេះ គឺពិតជាគំរូដ៏ល្អសម្រាប់ជួយសម្រាលបន្ទុកកម្មករ-កម្មការិនី ហើយទង្វើដ៏ប្រពៃបែបនេះ ក៏ទទួលបានការគាំទ្រពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងទទួលបានការសាទរពីប្រជាពលរដ្ឋខ្មែរផងដែរ។
រហូតដល់ពេលនេះ មានម្ចាស់បន្ទប់ជួលចំនួន៤នាក់ហើយ ដែលបានប្រកាសយកមិនថ្លៃឈ្នួលពីកម្មករ-កម្មការិនី ក្នុងនោះរួមមាន៖
ទី១៖ លោក ហេង វាសនា ម្ចាស់បន្ទប់ជួលចំនួន ៤៦ បន្ទប់ រស់នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ទី២៖ លោក ឈឿន ប៊ុនឆន ម្ចាស់បន្ទប់ជួលចំនួន ៦៩ បន្ទប់ នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ទី៣៖ លោក លឹម ជា ម្ចាស់បន្ទប់ជួល ២៧០ បន្ទប់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។
ទី៤៖ លោក មីន រស្មី ម្ចាស់បន្ទប់ជួល ៥៣ បន្ទប់ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕



