លោក ចូ បៃដិន អញ្ជើញមេដឹកនាំពិភពលោកចំនួន៤០ចូលរួមកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុតាមអនឡាញ ក្នុងនោះរួមមានទាំងចិន និងរុស្ស៊ីដែរ
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអញ្ជើញមេដឹកនាំពិភពលោកចំនួន៤០ ក្នុងនោះរួមមានទាំងសមភាគីរបស់លោក គឺលោក ស៊ី ជិនភីងនិងលោក វ្ល៉ាឌីមៀ ពូទីន ក៏ដូចជានាយករដ្ឋមន្រ្តីសង្ហិបុរីលោក លី សៀនឡុង ផងដែរ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ ដែលគ្រោងរៀបចំឡើងនាខែមេសាខាងមុខ ។
សេតវិមានបានប្រកាសថា កិច្ចប្រជុំកំពូលតាមអនឡាញខាងលើនេះ នឹងប្រព្រឹត្តិទៅមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ទី២៣ ខែមេសា ឆ្នាំ២០២១ ។ បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន ក្នុងអំឡុងកិច្ចប្រជុំកំពូលនោះ សហរដ្ឋអាមេរិកនឹងប្រកាសគោលដៅនៃការបំភាយឧស្ម័នឆ្នាំ២០៣០ ប្រកបដោយមហិ ច្ឆតា ហើយនឹងជំរុញឱ្យប្រទេសដទៃជំរុញគោលដៅផ្ទាល់ខ្លួនរបស់ពួកគេ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសផងដែរ ។
សេចក្តីថ្លែងការណ៍របស់សេតវិមានបន្ថែមថា កិច្ចប្រជុំកំពូលនេះដែរ ក៏នឹងលើកឧទាហរណ៍ផងដែរអំពីរបៀបដែលមហិច្ឆតាអាកាសធាតុនឹងបង្កើតការងារដែលមានប្រាក់ឈ្នួលល្អ ជំរុញភាពជឿនលឿនខាងបច្ចេកវិជ្ជាថ្មីៗ និង ជួយប្រទេសងាយរងគ្រោះសម្របខ្លួនទៅនឹងផលប៉ះពាល់អាកាសធាតុ ៕ ប្រភព៖ AP


