សេចក្ដីប្រកាសព័ត៌មានស្ដីពីការបិទជាបណ្តោះអាសន្នផ្សារគោកធ្លក ស្ថិតនៅភូមិគ្រួសសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១
រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈនេះ ខេត្តសៀមរាប បានរកឃើញវិជ្ជមាន ជំងឺកូវីដ-១៩ សរុបចំនួន៩នាក់ គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ហើយអ្នកជំងឺទាំងនោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ចំពោះករណីវិជ្ជមានថ្មីទៅលើ លោក សែម ម៉ាលី ភេទប្រុស អាយុ ៣២ឆ្នាំ ដែលរស់នៅក្រោយផ្សារគោកធ្លក ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាភ្ញៀវបានទៅហាងកាហ្វេលឹង្គ១០០០ និងបានពាក់ព័ន្ធដោយផ្ទាល់ជាមួយ លោក ហ៊ឹម វណ្ណៈ ដែលមានវិជ្ជមានជំងឺកូវីដ-១៩ ដូចនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបិទជាបណ្តោះអាសន្ននូវផ្សារគោកធ្លក ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ រហូតដល់ស្ថានភាពវិលទៅរកភាពប្រក្រតីឡើងវិញ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលមានទំនាក់ទំនង អ្នកវិជ្ជមានជំងឺកូវីដ-១៩ ឬបានចូលទៅកាន់ផ្សារគោកធ្លកចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥៤៧៤ / ០៧៧ ៧៨៩០០១ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល៕



